(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រើពាក់ស្លោកដាស់តឿនមួយ «ឈើដុះយើងរស់ ឈើល្អយើងមានបាន តែបើអ្នកកាប់ព្រៃឈើសូមឱ្យក្ររហេមរហាម»។ ពាក្យស្លោកនេះចង់បានការបំផុសគំនិត ប្រជាពលរដ្ឋ និងសាធារណជនចំពោះអ្នកដាំដើមឈើ។ បើយើងបានចូលរួមដាំដើមឈើ គឺប្រាកដជាស្រឡាញ់ឈើ មិនអាចនាំគ្នាដាំដើមឈើ ចិញ្ចឹមសត្វ គឺស្រឡាញ់សត្វ យើងរួមគ្នាថែរក្សាដើមឈើមិនថាតែឈើយើងដាំ ឈើដុះដោយធម្មជាតិក៏យើងត្រូវចូលរួមថែទាំដូចគ្នា។
នេះជាការលើកឡើងរបស់អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងកម្មពិធីដាំកូនក្ងោកចំនួន៨៨៤ដើម អមសងខាងផ្លូវជាតិលេខ៤ ចាប់ពីខាងមុខផ្លូវល្បឿនលឿនមកដល់រោងចក្រក្រោន ដែលសម្រប សម្រួលដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ អ.ម.ត និងសិក្សានុសិស្ស មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ លើកឡើងពីសាវតាដើមក្ងោក កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ថា ថ្នាក់ដឹកនាំបានចុះសួរសុខទុក្ខនាយទាហានកងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តរមានជ័យ ដោយត្រឡប់មកវិញជាមួយគ្រាប់ក្ងោកទំរើសដោយមន្ត្រីកសិកម្មយកផ្លែមកបណ្តុះ ក្នុងគោលបំណងបង្កើតសោភ័ណ្ឌភាពតាមដងផ្លូវ និងជាអនុស្សាវរីយ៍។
លោកបន្តថា រយៈ១ឆ្នាំមកនេះ កូនក្ងោកមានការលូតលាស់បានល្អ មន្ត្រីបច្ចេកទេសមន្ទីរធ្វើការបណ្តុះបានចំនួន ១២៥០០ដើម គ្រោងយកទៅដាំតាមដងផ្លូវជាតិលេខ៤ ចាប់ពីចំណុចរង្វង់មូលនាគកងកេង មកទល់ច្រកចូលទី១ នៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ ចំនួន១០ ០០០ដើម។ ចំពោះកម្មវិធីថ្ងៃនេះ ដាំដើមក្ងោកចំនួន៨៨៤ដើម ចាប់ពីច្រកចេញផ្លូវល្បឿនលឿន រហូតដល់រោងចក្រញូរស្តារ ហើយបន្ទាប់ពីចប់កម្មវិធីនេះទៅ មន្ត្រីបច្ចេកទេស នឹងបន្តដាំរហូតដល់សម្រេចតាមផែនការ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បានថ្លែងថា «យើងធ្វើការដាំដុះនៅកណ្តាលក្រុងព្រះសីហនុ របស់យើងការដាំដើមក្ងោកថ្ងៃនេះ ជានិមិត្តរូប នៃចំណងសម្ព័ន្ធមេត្រីភាពព្រះសីហនុ កងពលតូចអន្តរាគមន៍លេខ៤ ទិសឧត្តមមានជ័យ ហើយថ្ងៃនេះ ក៏មានតំណាងកងពលតូចអន្តរាគមន៍លេខ៤ បានចូលរួមក្នុងការដាំដុះ ក្នុងការទំនាក់ទំនងគ្នា ដែលជានិមិត្តរូប ហើយអ្នកឧកញ៉ា លោកឧកញ៉ាមួយចំនួនបានចូលរួមក្នុងព្រឹត្តការណ៍ ជាមួយគ្នារហូតដល់ពេលដាំដុះកូនក្ងោកថ្ងៃនេះ ធ្វើឱ្យនិមិត្តរូបសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ»។
អភិបាលខេត្តគូសបញ្ជាក់ថា ដើមក្ងោកពិតមានភាពស្រស់ស្អាតធុនហ្នឹងអាកាសធាតុ តែរុក្ខជាតិនេះ មិនមេនជារុក្ខជាតិរបស់កម្ពុជាយើងនោះទេ ពោលគឺដុះលូតលាស់ក្នុងតំបន់អាហ្វ្រិក។ នៅជំនាន់អាណានិគមបារាំងនៅកម្ពុជា បារាំងក៏បានយកមកចែកចាយនៅពង្រាយការដាំដុះនៅកម្ពុជានៅខេត្តធំៗ ដូចជា៖ ភ្នំពេញ កំពង់ចាម បាត់ដំបង និងកន្លែងសាធារណៈមួយចំនួន។ ឥឡូវក្ងោករីកសាយភាពពេញទូទាំងប្រទេស ហើយថ្ងៃនេះយើងយកពូជក្ងោក មកធ្វើការដាំដុះនៅខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនចូលរួមថែរក្សា ការពារ និងអភិរក្សដើមក្ងោករបស់យើងឱ្យបានគង់វង្ស ព្រោះដើមក្ងោកដែលដាំនាពេលនេះ គឺជាសម្បត្តិរបស់យើងទាំងអស់គ្នា ដើម្បីសោភណភាព បរិស្ថានល្អសម្រាប់ខេត្តព្រះសីហនុ៕