ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីប្រព័ន្ធព័ត៌មានគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី ប្រព័ន្ធព័ត៌មានគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងតំណាងដៃគូអភិវឌ្ឍន៍ ជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពបត់បែន ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់ កាត់បន្ថយ និងបញ្ចៀសឱ្យបាននូវគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងការកើនឡើងកម្ដៅ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងបញ្ចកោណទី៤ មុំទី៥ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងមានតម្រូវការជាចាំបាច់នូវបរិក្ខារ និងឧបករណ៍បច្ចេកទេសទំនើបចុងក្រោយដែលមានសមត្ថភាពគណនា វិភាគ និងបង្ហាញនូវព័ត៌មានចំគោលដៅ និងទាន់ហេតុការណ៍ ដើម្បីជួយពង្រឹងដល់ប្រព័ន្ធប្រកាសអាសន្ន និងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្ន ឈានទៅកាត់បន្ថយបានគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ឯកឧត្តមរដ្ឋមន្ត្រី ឱ្យដឹងថា តាមរយៈគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹកត្រូវបានសាងសង់ឡើង ដើម្បីបម្រើដល់ការគ្រប់គ្រង ប្រមូលទិន្នន័យ រក្សាទុក វិភាគ និងផ្តល់ព័ត៌មានស្តីពីទិន្នន័យទឹកភ្លៀង ជលសាស្ត្រ និងឧតុនិយម។ មជ្ឈមណ្ឌលជាតិនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការធានាបាននូវការគ្រប់គ្រង និងផ្តល់ព័ត៌មានយ៉ាងមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការសាងសង់មជ្ឈមណ្ឌលជាតិនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាមានស្វ័យភាពលើការគ្រប់គ្រង ការព្យាករ និងវិភាគទិន្នន័យជលសាស្ត្រ និងឧតុនិយម សម្រាប់អន្តរវិស័យផងដែរ ហើយជាផ្នែកមួយនៃយុទ្ធសាស្រ្តជាក់លាក់ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកឱ្យកាន់តែល្អប្រសើរ និងកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមុតស្រួចនូវបេសកកម្មរបស់ក្រសួង ជាពិសេសការជូនព័ត៌មានអាកាសធាតុ ប្រព័ន្ធព្រមានទុកជាមុន និងការផ្តល់ព័ត៌មានជាសាធារណៈទាន់សភាពការណ៍ ដើម្បីធ្វើការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹកឱ្យកាន់តែមានសុក្រឹតភាព។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា តាមរយៈសិក្ខាសាលានាពេលនេះនឹងមានការពិភាក្សាយ៉ាងល្អិតល្អន់ និងផ្តល់ធាតុចូលយ៉ាងសំខាន់ ដើម្បីឈានទៅរកការកែលម្អប្រព័ន្ធគ្រប់គ្រងធនធានទឹកនៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើង។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់គ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេស ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជានិច្ចកាលតែងតែសហការផ្តល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យមានភាពរីកចម្រើន ឆ្លើយតបទៅនឹងបរិការណ៍នៃការប្រែប្រួលអាកាសធាតុសកល៕