(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមបើកព្រឹត្តិការណ៍កីឡាបាល់ទាត់បរិស្ថានបៃតង ក្រោមមូលបទ «កម្ពុជាស្អាត និងសប្បុរធម៌» នៅវិទ្យាល័យពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្រុមយុវជននៃក្រសួងបរិស្ថាន ដែលជាម្ចាស់ផ្ទះ ទទួលស្វាគមន៍ភ្ញៀវ គឺក្រុមបាល់ទាត់ កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ)។ ព្រឹត្តិការណ៍បាល់ទាត់បរិស្ថានបៃតង នៅពេលនេះ បានធ្វើឱ្យមានការចាប់អារម្មនណ៍ និងអ្នកចូលរួមទស្សនាចំនួនប្រមាណ១ម៉ឺននាក់។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់បរិស្ថានបៃតង ក្រោមមូលបទ «កម្ពុជាស្អាត និងសប្បុរធម៌» បានរៀបចំឡើង ក្នុងគោលបំណងទី១៖ ចូលរួមអបអរសាទរទិវាបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤, ទី២៖ រឹតចំណងមិត្តភាព រវាងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកពញាក្រែក និងក្រុមបាល់ទាត់ កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ) និងទី៣៖ ជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្នុងការលើកកម្ពស់បរិស្ថានបៃតង ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន លើកស្ទួយវិស័យកីឡាបាល់ទាត់ និងប្រមូលមូលនិធិសប្បុរសធម៌ជួយដល់មជ្ឈមណ្ឌលកុមារកំព្រាខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា សិស្សានុសិស្ស និងយុវជន ដែលបានចូលរួមអបអរសាទរ ក្នុងអំឡុងពេលប្រកួតនិងក្រោយការប្រកួតបាល់ទាត់មិត្តភាពនេះ ចេញមកទាំងអស់គ្នា រើសសំរាមជុំវិញបរិវេណសាលារៀន និងកន្លែងលែងកីឡា ជាដើមដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
នៅពេលចប់ការប្រកួត ក្រុមយុវជនក្រសួងបរិស្ថាន រកបានគ្រប់បាល់តែចំនួន៣គ្រប់ និងក្រុមបាល់ទាត់ កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ) រកគ្រប់បាល់បានចំនួន៤គ្រាប់។ ព្រឹត្តិការណ៍បាល់ទាត់បរិស្ថានបៃតង នាឱកាសនេះ គឺពិតជាមានសារៈសំខាន់ ដោយបានបង្កប់នូវខ្លឹមសារអប់រំ ពង្រឹងការយល់ដឹងពីបរិស្ថាន ភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការលើកកម្ពស់និងថែរក្សាសុខភាព ជាពិសេសការចូលរួមសាមគ្គីគ្នា ចេះជួយគ្នា ការពារសុខសន្តិភាព និងចូលរួមគាំទ្រដល់ការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនតទៅមុខទៀត៕