រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប ៧០រូប


ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសំណេះសំណាលនិងសួរសុខទុក្ខមន្ត្រីរាជការនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប ប្រមាណ៧០រូប នៅមន្ទីរទេសចរណ៍ខេត្តសៀមរាប នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងនូវអនុសាសន៍ណែនាំដល់មន្ទីរទេសចរណ៍ខេត្តសៀមរាប ឱ្យរៀបចំផ្ទះខ្លួនឯងឱ្យបានល្អ តាមរយៈការរៀបចំឡើងវិញនូវការវិភាគមុខងារ និងរចនាសម្ព័ន្ធការងារក្នុងស្ថាប័ន ដើម្បីបង្កើនប្រសិទ្ធភាពការងារ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើបច្ចុប្បន្នអំពីយន្តការក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា(CTB) ដែលនឹងដាក់ឱ្យដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីការជំរុញការគិតគូរពាក់ព័ន្ធនឹងខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដែលប្រជាកសិករអាចដាំដុះបន្លែបង្ការ ត្រី សាច់គ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្ត និងតំបន់ជុំវិញផងដែរ ដែលកិច្ចការនេះជាការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ ស្របទៅនឹងកម្មវត្ថុ ការនាំចេញនៅនឹងកន្លែង។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចពីផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ដសៀមរាប ឆ្នាំ២០២១-២០៣៥ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពខេត្តសៀមរាបមាន៦តំបន់ ជាពិសេសតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ជាគោលដៅទេសចរណ៍ជំនឿ សាសនា ធម្មជាតិ ផ្សងព្រេង ទេសចរណ៍ស្រាវជ្រាវ និងវិទ្យាសាស្ត្រផងដែរ៕