លោក ផៃ ស៊ីផាន៖ បដិសេធការវិភាគថា កំដៅនយោបាយពេលនេះ ជាការដាក់សំពាធឲ្យ ឯកឧត្តម កឹម សុខា ទទួលយកអ្វីដែលបក្សកាន់អំណាចចង់ឲ្យ


ភ្នំពេញ៖ កំដៅនយោបាយពេលនេះ មិនមែនជាការវាយប្រហារគ្នា ពាក្យសំដី ពីគណបក្សកាន់អំណាច ទៅកាន់បក្សប្រឆាំង ឬពីបក្សកាន់អំណាច មកលើបក្សប្រឆាំងនោះទេ គឺកំដៅនយោបាយ បន្ទាប់ពីយុវជនម្នាក់ឈ្មោះស្រី ចំរើន នៅបន្តដើរតាម ឯកឧត្តម កឹម សុខា ឲ្យបកស្រាយរឿងចោទប្រកាន់ ស្នេហាជាមួយស្រីក្មេង ជាហូរហែរ ដោយនៅព្រឹកថ្ងៃនេះ បានធ្វើដំណើរ ទៅដល់ ទីតាំងប្រារព្ឋពិធីសន្និបាតបក្សប្រឆាំង ដើម្បីឲ្យឯកឧត្តម កឹម សុខា បកស្រាយរឿងនេះ។
បន្ទាប់ពីមិនមានការឆ្លើយតប ពីឯកឧត្តម កឹម សុខា ច្រើនលើកច្រើនសាហើយនោះ យុវជនស្រី ចំរើន ក៏បានដាក់ពាក្យ បណ្តឹង ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ឲ្យសើបអង្កេត។ យុវជនមានរូបភាពស្គមស្គាំងមិនសូវមានកំលាំងរូបនេះ ក៏ស្នើរទៅកាន់រដ្ឋសភា ឲ្យកោះហៅឯកឧត្តម កឹម សុខា ចូលឆ្លើយបំភ្លឺចំពោះការចោទប្រកាន់រឿងស្នេហាជាមួយស្រីក្មេង។
អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្រ្តី និងជាមន្រ្តីជាន់ខ្ពស់បក្សប្រជាជនកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន បានបដិសេធថា សកម្មភាព របស់យុវជនឈ្មោះស្រី ចំរើន ដែលតែងតែទាមទារឲ្យលោកកឹម សុខា ឆ្លើយសារភាពរឿងស្នេហា ជាមួយស្រីក្មេងជាហូរហែរ នោះ មិនជាប់ពាក់ព័ន្ឋនឹងនយោបាយបក្សកាន់អំណាចទេ។ លោកបញ្ជាក់ថា ក៏គ្មានឥទ្ឋិអ្វីដាក់សំពាធទៅលើលោកកឹម សុខា ឲ្យទទួលយកតំណែងជាអនុប្រធានសភាឡើងវិញ និងព្រមទទួលយកតំណែងជាប្រធានគណបក្សប្រឆាំង។ លោកចោទ ប្រកាន់ថា ចំពោះអ្នកមានងាររហូតដល់បណ្ឌិត ដែលវាយតំលៃថា រឿងនេះ ការដាក់សំពាធទៅកាន់ឯកឧត្តម កឹម សុខា ឲ្យទទួលយកតំណែងជាអនុប្រធានរដ្ឋសភា ឡើងវិញ និងព្រមធ្វើជាប្រធានគណបក្សប្រឆាំងជំនួសឯកឧត្តមសម រង្ស៉ី នោះ ជាការបង្ហាញពីសមត្ថភាពមិនសមស្របនឹងគំនិត។
ឯកឧត្តម ផៃ ស៊ីផាន បញ្ជាក់ថា” នេះជាការយល់ឃើញមួយដែលវាមិនឆ្លើយតបពីក្រមសីលធម៌ ចំពោះថ្នាក់ដឹកនាំ ដែលមាន ការគាំទ្រពីប្រជាពលរដ្ឋ ហើយទៅជាក្បត់ប្រពន្ឋក្បត់កូន យកលុយដែលប្រជាពលរដ្ឋផ្តល់ឲ្យទៅអោយស្រីស្នេហ៍ យកទៅ ប្រើប្រាស់ខុសទិសដៅសីលធម៌ នោះមិនមែនជាការចង់បានទេ ដូច្នេះអ្វីដែលស្ថាប័នរដ្ឋប្រតិកម្មនោះ គឺប្រតិកម្មទៅលើ រឿងទាំងអស់នេះទេ ហើយចំពោះអ្នកដែលមានងារជាបណ្ឌិត វាយតម្លៃរឿងនេះ វាជាការបង្ហាញពីសមត្ថភាពមិន សមស្របនឹងគំនិត”។
កាលពីថ្ងៃទី២៤ មីនាកន្លងទៅ លោកអោម យិនទៀង អះអាងថា បន្ទាប់ពីធ្វើកុសលវិច្ឆ័យ ឃើញថា ខ្សែអាត់សំលេងដែល ចោទប្រកាន់ថា ជាសំលេងឯកឧត្តមកឹមសុខា ជាមួយស្រីក្មេងនោះ គឺជាសំលេងពិត ហើយអង្គភាពប្រឆាំងអំពើពុករលួយ នឹងបើកស្រោមសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់ឯកឧត្តម កឹម សុខា ដើម្បីបើកការសើបអង្កេត បន្ទាប់ពីមានលួចមាន ស្នេហា ជាមួយស្រីក្មេងនិងចំណាយលុយកាក់មួយចំនួន។ ចំនែកឯស្ថាប័នរដ្ឋសភា ក៏បានធ្វើលិខិតមួយច្បាប់ ដាក់ទៅកាន់ ឯកឧត្តម កឹម សុខា ចូលខ្លួនមកបំភ្លឺក្នុងសភាជុំវិញរឿងនេះផងដែរ។ តែមិនទាន់មានការឆ្លើយតបពីឯកឧត្តមកឹម សុខា៕