ឯកឧត្តមវេជ្ជ.សុះ មុះសិន អញ្ជើញចុះពិនិត្យវគ្គកាត់ដេរ វគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងភាសាអង់គ្គេស លើកទី១៣ ឆ្នាំ២០២៣-២០២៤ ដោយឥតគិតថ្លៃ នៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ


ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះពិនិត្យវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈកាត់ដេរលើកទី១៤ ឆ្នាំ២០២៣-២០២៤ ដោយឥតគិតថ្លៃ ជូនដល់សិក្ខាកាមចំនួន ១៦០នាក់ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងពិនិត្យវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស លើកទី១៣ ឆ្នាំ២០២៣-២០២៤ ដោយឥតគិតថ្លៃ ដល់សិស្សានុសិស្ស និងយុវជនចំនួន ១៦០នាក់ ស្ថិតនៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូងខេត្តក្រចេះ។ ពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សាន់ ឡាទីន សមាជិកព្រឹទ្ធសភា ឯកឧត្តមជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងក្រុមការងារ លោកអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋានផងដែរ។

ឯកឧត្តមបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរ និងវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស ជាគម្រោងផ្នែកអភិវឌ្ឍធនធានមនុស្សមួយដ៏ សំខាន់ដែលបានផ្តល់ឱកាស និងលទ្ធភាពរៀនសូត្រ សម្រាប់សិក្ខាកាម ក៏ដូចជាប្អូនៗជាសិស្សានុសិស្ស និងអ្នកគ្មានជំនាញ កុមារនិងយុវជនក្រៅសាលា កុមារដែលលើសអាយុសិក្សា អ្នកបោះបង់ការសិក្សា បានទទួលការបណ្តុះបណ្តាលជំនាញទន់លើជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស ឱ្យមានជំនាញបន្ថែមផ្នែកបច្ចេកវិទ្យាកុំព្យូទ័រ និងភាសាបរទេស ដើម្បីកែលម្អគុណភាពនៃការរស់នៅផ្ទាល់ខ្លួន ព្រមទាំងអាចចាប់យកចំណេះដឹងមូលដ្ឋាននេះទៅ ប្រើប្រាស់ក្នុងជីវភាពរស់នៅ ប្រាស្រ័យទាក់ទងការងារ និងសិក្សាស្រាវជ្រាវនានា ក្នុងបរិបទថ្មីនៃសកលភាវូបនីយកម្ម ផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ជាពិសេសដូចអ្វីដែល សម្តេចតេជោ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នឹងប្រែក្លាយពីយុទ្ធសាស្ត្រចតុកោណ មកជា យុទ្ធសាស្ត្របញ្ចកោណ ដោយបន្ថែមនូវមុំអាទិភាពទី៥ មួយទៀត គឺបច្ចេកវិទ្យា។ វគ្គបណ្តុះបណ្តាលនេះនឹងជួយគាំទ្រ និងសម្រាលបន្ទុកចំណាយរបស់មាតាបិតា កាត់បន្ថយពេលវេលា និងផ្តល់ភាពងាយស្រួលដល់សិស្សជាសិក្ខាកាមអាចចូលរៀនវគ្គ ព្រោះវគ្គនេះត្រូវបានបង្ខិតឱ្យមកជិតក្នុង មូលដ្ឋានផ្ទាល់ជាមួយប្អូនៗ ដោយមិនចាំបាច់ចំណាយពេលវេលាច្រើន និងបង់ថ្លៃសិក្សា។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរបានបើកដំណើរការរយៈពេល ១៤ឆ្នាំហើយ ស្ថិតនៅទីតាំងផ្សេងៗគ្នា ដូចជាខេត្ត កំពង់ចាម ក្រចេះ ត្បូងឃ្មុំមានសិក្ខាកាមសិក្សាទាំង ១៤វគ្គ សរុបចំនួន ១៦៨០នាក់ និងវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស បានបើកដំណើរការអស់រយៈពេល ១៣ឆ្នាំ ស្ថិតនៅទីតាំងដូចជានៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ធំ កំពត និងខេត្តក្រចេះ សរុបសិក្ខាកាមទាំង ១៣វគ្គ ដែលទទួលបានការបណ្ដុះបណ្ដាលជំនាញទាំងពីរខាងលើ មានចំនួន ២៣១៨នាក់។

ក្រោមកិច្ចសហការរវាងសមាគមនិស្សិតមុស្លិមកម្ពុជា ជាមួយអង្គការមុស្លិមហែលហ្វិន នៅប្រទេសអាល្លឺម៉ង់៕

ពិធីនេះប្រព្រឹត្តនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤