ស្ពានកំពង់ល្វា ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ដែលសាងសង់ឡើងវិញដោយកម្លាំងសាមគ្គី របស់ក្រុមការងារ និងប្រជាជន គ្រោងបញ្ចប់ការសាងសង់ នៅក្នុងខែសីហាខាងមុខ


ស្ពានកំពង់ល្វា ឆ្លងកាត់ស្ទឹងពោធិ៍សាត់ តភ្ជាប់ពីឃុំសំរោង មកឃុំលាច ស្ថិតក្នុងភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ មានប្រវែងប្រមាណ១៦០ម៉ែត្រ ត្រូវបាននិងកំពុងសាងសង់ឡើងវិញ ដោយកម្លាំងសាមគ្គី របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រជាជនក្នុងមូលដ្ឋាន ដើម្បីបម្រើដល់ប្រយោជន៍ប្រជាពលរដ្ឋ ក្នុងឃុំលាច ឃុំសំរោង ឃុំព្រងិល ស្រុកភ្នំក្រវាញ និងឃុំតាលោ ស្រុកតាលោសែនជ័យ ដែលស្ពាននេះគ្រោងនឹងបញ្ចប់ការសាងសង់ នៅក្នុងខែសីហាខាងមុខ។

ក្នុងឱកាស ចុះពិនិត្យមើលការដ្ឋានសាងសង់ស្ពាន នាល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកភ្នំក្រវាញ បានអះអាងថា ប្រសិនបើអាកាសធាតុ មានអំណោយផលល្អ សំណង់នេះគ្រោងនឹងបញ្ចប់ការសាងសង់ ក្នុងរយៈពេល២ខែទៀត ពោលគឺនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់។

គួរជម្រាបជូនថា ស្ពានកំពុងល្វា ត្រូវបានទឹកជំនន់វាយប្រហារបណ្ដាលឱ្យរលំបាក់ខ្ទេចទាំងស្រុង កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ហើយត្រូវបានឯកឧត្តម ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអតីតប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ បញ្ចុះបឋមសិលាសាងសង់ស្ពាននេះឡើងវិញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២កន្លងទៅ។

បច្ចុប្បន្នស្ពានកំពង់ល្វា សម្រេចការស្ថាបនាសាងសង់ បានប្រមាណជា ៧០ ទៅ៨០ភាគរយហើយ។ ស្ពាននេះនឹងជួយសម្រួលដល់ការធ្វើដឹកជញ្ជូនកសិផល និងធ្វើដំណើរឡើងវិញបានមួយផ្នែក ជូនប្រជាពលរដ្ឋ ក្នុងស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ខូយ រីដា និងលោក យឹម វិសិដ្ឋ ក៏បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ មានមី ភេសជ្ជៈប៉ូវកម្លាំង ទឹកបរិសុទ្ធ និងថវិកាមួយចំនួន មកប្រគល់ជូនក្រុមកម្លាំងសាមគ្គី ដែលបាននឹងកំពុងសាងសង់ស្ពាននេះផងដែរ៕