ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធិផលនានា ក្នុងវត្តហ្លួងរកាខ្នុរ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានតម្លៃជាង៦២ម៉ឺនដុល្លារ


ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តហ្លួង ហៅវត្តរកាខ្នុរកណ្តាល ស្ថិតនៅភូមិទី៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានអ្នកចូលរួមសរុបប្រមាណ២,៦០០នាក់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឡើងធ្វើរបាយការស្តីពីសមិទ្ធផលនានា ដែលសម្រេចបានក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាស្រុកក្រូចឆ្មារ ពិសេសសមិទ្ធិផលកសាងនៅវត្តហ្លួងរកាខ្នុរ ត្រូវបានដាក់សម្ពោធជាផ្លូវការនាថ្ងៃនេះ រួមមាន ៖ ព្រះវិហារ កុដិថ្ម សាលាឆទាន ឈាបនដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តហ្លួងរកាខ្នុរ ដែលចំណាយទឹកប្រាក់អស់៦២៤,៥០០ដុល្លារអាមេរិក។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក ឲ្យដឹងថា វត្តហ្លួង (ហៅវត្តរកាខ្នុរកណ្តាល) ជាវត្តដ៏ចំណាស់មួយ ដែលមានអាយុកាល ២៦៣ ឆ្នាំ មកហើយ ចាប់តាំងពីឆ្នាំ ១៧៦១។ ប្រសិនកម្ពុជាមិនធ្លាក់ក្នុងភ្លើងសង្គ្រាមទេ នោះសមិទ្ធផលក្នុងវត្តនេះនឹងរីកសាយធំជាមិនខាន ហើយមុនឆ្នាំ ១៩៧៥ វត្តនេះ គឺជាកន្លែងសិក្សារៀនព្រះបរិយត្តិធម៌។ ប៉ុន្តែក្នុងរបបប្រល័យពូជសាសន៍ សមិទ្ធផលវត្តនេះ ត្រូវបានកម្ទេចចោលទាំងអស់ សំណង់មួយចំនួន ត្រូវបានប្រែក្លាយជាឃ្លាំងស្តុកជី ហើយព្រះវិហារត្រូវបានយកធ្វើជាកន្លែងចិញ្ចឹមជ្រូក។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត គូសបញ្ជាក់ថា ក្រោមដំបូលសុខសន្តិភាព យើងមានទាំងសុខដុមនីយកម្មសាសនា ដែលបានផ្តល់ឱកាសឱ្យប្រជាជនយើង បានចូលរួមជាមួយរាជរដ្ឋាភិបាលយ៉ាងពេញលេញ ដើម្បីអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ ហើយយើងបានចូលរួមសម្ពោធជាបន្តបន្ទាប់។

ឯកឧត្តមឧត្តមសេនីយ៍ឯក បន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល យើងប្តេជ្ញាថែរក្សាការពារសុខសន្តិភាព បន្តអភិវឌ្ឍលើគ្រប់វិស័យ ជំរុញកំណែទម្រង់ ជាពិសេសលើកស្ទួយជីវភាពប្រជាពលរដ្ឋ។

ជាចុងក្រោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អំពាវនាវសូមឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ កម្លាំងមានសមត្ថកិច្ច បងប្អូន ពូមីង ប្រជាពលរដ្ឋ ប្រជាការពារ ទាំងអស់បន្តសហការគ្នា ទប់ស្កាត់ល្បែងស៊ីសង ដែលបានជះឥទ្ធិពលដល់ជីវភាព និងសុភមង្គលគ្រួសារ។ បន្ថែមពីនេះ សូមបន្តទប់ស្កាត់ និងលុបបំបាត់បញ្ហាគ្រឿងញៀន ដែលបានកំពុងបំផ្លាញសង្គម បំផ្លាញការអភិវឌ្ឍធនធានមនុស្ស យុវជនយើងមួយចំនួន បាត់បង់សតិ បាត់បង់សីលធម៌ ឈានទៅប្រព្រឹត្តបទល្មើសផ្សេងៗ ដោយសារគ្រឿងញៀននេះ៕