អភិបាលខេត្តកំពង់ស្ពឺ ចុះចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋជាង ៤០០បណ្ណ នៅស្រុកភ្នំស្រួច


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះចែកវិញ្ញាប័ណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុ ជាង៤០០បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងឃុំដំបូករូង ស្រុកភ្នំស្រួច។

ឯកឧត្តម វ៉ី សំណាង បានបន្ថែមថា បន្ទាប់ពីទទួលបានបណ្ណកម្មសិទ្ធិដីនេះទៅ គប្បីបងប្អូនប្រជាពលរដ្ឋ ត្រូវចេះទុកដាក់ដោយប្រុងប្រយ័ត្នកុំឱ្យបាត់បង់ ម្យ៉ាងទៀតវាបានបញ្ជាក់នូវសិទ្ធិស្របច្បាប់ និងពេញលេញក្នុងការកាន់កាប់ ការផ្ទេរលក់ដូរ ពិសេសក្នុងការបែងចែក ឬផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួនទៅដល់កូនចៅផងដែរ។

ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា គោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាគឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពរៀបរយ សមរម្យ និងជាការកាត់បន្ថយភាពក្រីក្រប្រកបដោយសុខដុមរមនា។

ប្រជាពលរដ្ឋកំពុងទទួលបានទាំងប្រយោល និងផ្ទាល់ពីការអភិវឌ្ឍលើគ្រប់វិស័យពោលគឺមានស្ថិរភាពនយោបាយដែលជាគន្លឹះនាំមកនូវសេដ្ឋកិច្ចគ្រួសារក៏ដូចសង្គមជាតិបានល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋអាចប្រកបរបររកស៊ី មិនមានការភ័យខ្លាច។ កត្តាដែលសំខាន់ជាងនេះទៅទៀតនោះ គប្បីប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ត្រូវមានការចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យបាន និងចេះរួមរស់នៅជាមួយគ្នាក្នុង សុខដុមរមណីកម្មទើបល្អប្រសើរ៕