ទូតកម្ពុជាប្រចាំប្រចាំប្រទេសឥណ្ឌា ស្នើសុំឲ្យពលរដ្ឋខ្មែរ កុំមានអារម្មណ៍រើសអើង ចំពោះជនជាតិឥណ្ឌា និងសូមឲ្យរក្សាប្រពៃណីរួសរាយរាក់ទាក់


(ឥណ្ឌា)៖ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា បានស្នើសុំឲ្យប្រជាពលរដ្ឋខ្មែរ កុំមានអារម្មណ៍រើសអើង ចំពោះជនជាតិឥណ្ឌា ដែលមកលេងកំសាន្ដនៅក្នុងប្រទេសកម្ពុជា និងសូមឲ្យរក្សាប្រពៃណីរាក់ទាក់រួសរាយ។

ថ្លែងប្រាប់ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ក្នុងកម្មវិធីប្រកាសជាផ្លូវការ «ទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» ឯកឧត្តម កុយ គួង បានបញ្ជាក់ថា «សូមឲ្យប្រជាពលរដ្ឋយើង នៅរក្សាប្រពៃណីរាក់ទាក់រួសរាយ និងសូមឲ្យបងប្អូនកម្ពុជា កុំមានការរើសអើង ឲ្យនៅរក្សាប្រពៃណីវប្បធម៌ល្អ ជាមួយនឹងជនបរទេសរក្សានៅដដែល»។

ឯកឧត្តម កុយ គួង បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ កុំមានអារម្មណ៍រើសអើង មុនលោកមកធ្វើជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឥណ្ឌា តែងតែមានព័ត៌មានថា ប្រទេសឥណ្ឌា ជា​ប្រទេស ចេះមួយចេះពីរ ប៉ុន្ដែពេលដែលឯកឧត្តម បានមកធ្វើការនៅទីនេះផ្ទាល់ គឺមិនដូចនឹងលើកឡើងនោះទេ ខណៈឥណ្ឌាបច្ចុប្បន្ននេះ កម្រិតជីវភាពប្រជាជនគេ គឺឡើងទៅថ្នាក់កណ្តាល (មធ្យម) ខ្លាំងណាស់។

បន្ថែមពីនោះទៀត ឯកឧត្តម កុយ គួង បានបញ្ជាក់ថា ពេលដែលលោក មកធ្វើការនៅទីនេះភ្លាមៗ ឥណ្ឌាបានធ្វើការបញ្ជាទិញយន្តហោះ ជាង១ពាន់គ្រឿង ដើម្បីសម្រួលឲ្យប្រជាជន អាចធ្វើដំណើរបានស្រួល ហើយប្រជាជនឥណ្ឌា នៅពេលមានកំណើនហើយ គឺគេចង់ទៅលេងនៅក្រៅបរទេស។

ឯកឧត្តមបានថ្លែងថា «ប្រជាពលរដ្ឋឥណ្ឌា ហ៊ានចាយលុយ គេហ៊ានធ្វើដំណើរជិះយន្តហោះទៅហើយ គេមិនខ្លាចនឹងចាយលុយ នៅក្នុងប្រទេសយើងទេ»

ឯកឧត្តម កុយ គួង សូមឲ្យប្រជាជនខ្មែរ កុំមើលតែមួយជ្រុង កុំចាប់ឥណ្ឌាណាមួយ ហើយមកវ៉ៃតម្លៃឥណ្ឌាទាំងមូល គឺយើងត្រូវតែទទួល ព្រោះថា ឥណ្ឌាទៅលេងស្រុកខ្មែរ មកវិញគេសរសើរ គេសរសើរថាខ្មែរយើង មានលក្ខណៈប្រពៃណីល្អ ស្រដៀងគ្នា ហើយរាក់ទាក់រួសរាយល្អ។

បើតាមទិន្នន័យពីក្រសួងទេសចរណ៍ នៅឆ្នាំ២០២៣ កម្ពុជាទទួលភ្ញៀវទេសចរ សរុបចំនួនជាង ៥.៤លាននាក់ ក្នុងនោះមានភ្ញៀវឥណ្ឌាចំនួនជិត ៧ម៉ឺននាក់។ នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត ១.៦លាននាក់ ក្នុងនោះមានភ្ញៀវទេសចរឥណ្ឌា ២ម៉ឺននាក់៕