សិស្សវិទ្យាល័យឧត្តុងជូនរូបសញ្ញាក្រសួងបរិស្ថានផលិតពីគ្រាប់ធញ្ញជាតិដល់រដ្ឋមន្ត្រី ខណៈដែលវាគឺជាសក្ខីភាពនៃជោគជ័យលើការបញ្ជ្រៀបស្តីពីបរិស្ថាន


សិស្សានុសិស្សចំនួន៤រូប និងលោកគ្រូៗមកពីវិទ្យាល័យឧត្តុង ខេត្តកណ្តាល ដែលដឹកនាំដោយក្រុម Blue Media នៅថ្ងៃទី០១ ខែសីហានេះ បានចូលជួបឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីប្រគល់រូបសីញ្ញា (Logo)ក្រសួងបរិស្ថានដែលជាស្នាដៃផ្ទាល់របស់សិស្សានុសិស្សផលិតចេញពីគ្រាប់ធញ្ញជាតិ។
តំណាងក្រុមការងារ យុវតី ស៊ុន រស្មី បញ្ជាក់ពីមូលហេតុនៃការធ្វើរូបសញ្ញានេះថា ដោយសារតែចូលចិត្តការច្នៃប្រឌិត និងស្រឡាញ់បរិស្ថាន ដូចនេះហើយបានជាក្រុមការងារដែលសុទ្ធតែជាសិស្សថ្នាក់ទី១០ទាំងនេះ បានដុតដៃដុតជើងខិតខំធ្វើរូបសញ្ញានេះ។
ដោយឡែកឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន បានថ្លែងការកោតសរសើរចំពោះភាពច្នៃប្រឌិតរបស់យុវសិស្សទាំង៤ដែលបានផលិតដោយដៃផ្ទាល់លើរូបសញ្ញារបស់ក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “នេះគឺជាសក្ខីភាពនៃការបញ្ជ្រៀបគោលនយោបាយរបស់បរិស្ថានចំពោះប្រជាពលរដ្ឋ ហើយវាក៏ជាសិល្បៈដើម្បីទាក់ទាញឱ្យមានការយល់ដឹងពីបរិស្ថាន។ ការដែលយុវសិស្សក្មេងៗយល់ដឹងពីវិស័យបរិស្ថាននេះ គឺជាការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជន”។
រូបសញ្ញាសម្គាល់ក្រសួងបរិស្ថាននេះ មានទំហំ៦០ គុណ ៨០ សង់ទីម៉ែត្រដែលជាការងារដោយដៃរបស់យុវសិស្សនៃវិទ្យាល័យឧត្តុងទាំងបួនដែលបានប្រើពេល៨ថ្ងៃបិទគ្រាប់សណ្តែក និងគ្រាប់អង្ករម្តងមួយៗឱ្យក្លាយទៅជារូបសញ្ញារបស់ក្រសួងបរិស្ថាន។ រូបនេះ បានប្រើប្រាស់សណ្តែកអង្គុយចំនួនៃ ០.៥ គីឡូ សណ្តែកក្រហម២០ក្រាម សណ្តែកបាយ១០ក្រាម សណ្តែកសៀង ៣០ ក្រាម សណ្តែកលឿង១០ ក្រាម និងអង្ករ១០ក្រាម៕