សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជួយគ្រួសារអតីតយុទ្ធជន


(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីជួយដល់គ្រួសារអតីតយុទ្ធជន ដោយក្នុងនោះក៏មានដែរនូវការព្យាបាលមិនគិតថ្លៃ នៅតាមមន្ទីរពេទ្យយោធា និងមន្ទីរពេទ្យរដ្ឋនានា តាមរយៈការប្រើប្រាស់បណ្ណប.ស.ស។

សម្តេចបានប្ញជាក់ដូច្នេះថា៖ «ដរាបណាគណបក្សប្រជាជនកម្ពុជា នៅមានឱកាសដឹកនាំបន្ត ជីវភាពនិងកិត្តិយសរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការនៅតែបន្ត យកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្តបន្ទាប់ តិចច្រើនយើងត្រូវបន្តជួយគ្នាដោយយកចិត្តទុកដាក់»

ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចបានបញ្ជាក់ថា ពាក់ព័ន្ធនឹងអតីតយុទ្ធជន លើកមុន រាជរដ្ឋាភិបាលបានផ្តល់តែប្រាក់សោធន៍ ប៉ុន្តែឥឡូវនេះ យើងមានគោលនយោបាយផ្តល់ផ្ទះ។ សម្តេចបញ្ជាក់ថា៖ «កន្លែងខ្លះគាត់មានតែដីអត់ផ្ទះ យើងបានធ្វើចលនាធ្វើផ្ទះជូន នៅនឹងកន្លែង»

សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានចេញបណ្ណសម្រួលដល់ការព្យាបាលជូនដល់អតីតយុទ្ធជនតាមបណ្តាពេទ្យរដ្ឋផងដែរ។ សម្តេចបញ្ជាក់ដូច្នេះថា «បន្ថែមពីលើពេទ្យយោធា បណ្ណប.ស.ស របស់យើងនេះ មានពេទ្យភូមិភាគ ពេទ្យ៧៩របស់យើង ការព្យាបាលក៏យើងព្យាបាលជូនដោយមិនគិតថ្លៃ អញ្ចឹងបន្ថែមជម្រើសមួយទៀត គឺបានទាំងពេទ្យកងទ័ពនៅតាមភូមិភាគ នៅតាមចំណុះក្រសួងការពារជាតិ និងពេទ្យរដ្ឋរបស់យើងនៅគ្រប់កន្លែងជាមួយបណ្ណប.ស.សនេះ»។

សម្តេចបានប្រកាសគាំទ្រចំពោះសកម្មភាពណា ដែលបានជួយជាវិជ្ជមានដល់អតីតយុទ្ធជន ឬអតីតមន្រ្តីរាជការកម្ពុជា បើសកម្មភាពណាដែលប៉ះពាល់ដល់ផលប្រយោជន៍ពួកគាត់សម្តេចមិនគាំទ្រនោះទេ។

សូមបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាព រស់នៅរបស់អតីតយុទ្ធជន ជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ តាមរយៈអាទិភាពមួយចំនួន រួមមាន៖

*ទី១៖ ការបន្តអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ការអនុវត្តរបបសន្តិសុខសង្គម និងការបន្តពង្រីក សេវាថែទាំសុខភាពសង្គម ឆ្ពោះទៅដល់ការគ្របដណ្ដប់សុខភាពសកល ស្របតាមការវិវឌ្ឍនៃស្ថានភាព សង្គម-សេដ្ឋកិច្ច

*ទី២៖ ការជំរុញ និងការបង្កើនសុខុមាលភាពនៃគ្រួសារក្រីក្រ គ្រួសារយុទ្ធជនមានពិការភាព ពលី មរណៈ និងគ្រួសារអតីតយុទ្ធជន ដោយផ្តល់ការគាំពារនានា រួមទាំង ការបន្តធ្វើប្រទានកម្មដី និងការផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់លំនៅឋាន និងកសិកម្ម៕