ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញប្រកាសចូលកាន់តំណែង ឯកឧត្តម វ៉ី សំណាង ជាអភិបាលខេត្តតាកែវ


ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងឯកឧត្តម វ៉ី សំណាង អតីតអភិបាលខេត្តកំពង់ស្ពឺ មកជាអភិបាលខេត្តតាកែវ ជំនួសលោក អ៊ូច ភា ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

គួរជម្រាបថា យោងតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ អភិបាលខេត្តដែលត្រូវបានផ្លាស់ប្តូរ និងតែងតាំងនេះរួមមាន៖

១៖ ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹងត្រែង
ឯកឧត្តម វ៉ី សំណាង ត្រូវបានប្តូរពីខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តតាកែវ
៣៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបានប្តូរទៅកាន់ខេត្តកំពង់ស្ពឺ
៤៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ
៥៖ ឯកឧត្តម គួច ចំរើន ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកណ្តាល
៦៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រះសីហនុ
៧៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកំពង់ធំ
៨៖ ឯកឧត្តម ប៉ែន កុសល្យ ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តត្បូងឃ្មុំ
៩៖ ឯកឧត្តម ស្វាយ សំអ៊ាង ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តស្ទឹងត្រែង ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
១០៖ ឯកឧត្តម អ៊ូច ភា ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តតាកែវ ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
១១៖ ឯកឧត្តម គង់ សោភ័ណ ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តកណ្តាល ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
១២៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបានផ្ទេរទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕