អាល្លឺម៉ង់ សន្យាគាំទ្រកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ជាមួយការកត់សម្គាល់ពីសន្ទុះរីកចម្រើនដ៏ល្អ


(ភ្នំពេញ)៖ ឯកឧត្តម ស្តេហ្វេន មេសសេរឺ (STEFAN MESSERER) ឯកអគ្គរដ្ឋទូត​អាល្លឺ​ម៉ង់ ប្រចាំនៅកម្ពុជា បានសន្យាជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍របស់កម្ពុជា ខណៈឯកឧត្តម​កត់​សម្គាល់ឃើញនូវសន្ទុះនៃការរីកចម្រើនដ៏ល្អប្រសើរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបញ្ជាក់បែបនេះនៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ។

ជាកិច្ចស្វាគមន៍នៃជំនួប សម្ដេចតេជោ បានអបអរសាទររដ្ឋាភិបាលអាល្លឺម៉ង់ ដែលបាន​ធ្វើ​ជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់អឺរ៉ុប បានល្អប្រសើរ និងអបអរសាទរក្រុមបាល់​ទាត់​អាល្លឺម៉ង់ ទទួលបានជោគជ័យក្នុងការប្រកួតរហូតឡើងដល់វគ្គ៨ក្រុម។

ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបង្ហាញការកត់សម្គាល់ថា ក្នុងរយៈពេលពីរឆ្នាំ​នៃការ​បំ​ពេញការងារនៅកម្ពុជា ឯកឧត្តមបានឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើន ជាពិសេស​រាជ​ធានីភ្នំពេញមានការអភិវឌ្ឍន៍យ៉ាងលឿន និងរស់រវើកគួរជាទីចាប់​អារម្មណ៍​យ៉ាង​ក្រៃលែង។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងការរីករាយចំពោះទំនាក់ទំនង និងកិច្ច​សហ​ប្រតិបត្តិការរវាងពីរកម្ពុជា និងអាល្លឺម៉ង់ មានការរីកចម្រើនរឹងមាំជា​បន្តបន្ទាប់ ពិសេសបានពង្រឹងការផ្លាស់ប្ដូរទស្សនកិច្ច និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជា​ជន។ បើតាមឯកឧត្តមឯកអគ្គរដ្ឋទូតរយៈពេលពីរឆ្នាំកន្លងមកនេះ មានគណៈប្រតិភូ​របស់​អាល្លឺម៉ង់រហូតដល់ទៅ១៧គណៈប្រតិភូ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា រួមទាំង​ប្រធានាធិបតី និងភរិយាផងដែរ។ ចំនួននេះច្រើនជាងរយៈពេល ១០ឆ្នាំកន្លងទៅ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានឱ្យដឹងផងដែរថា នៅពេលខាងមុខនេះ គណៈប្រតិភូធុរកិច្ច របស់អាល្លឺម៉ង់ចំនួន៣ទៀត នឹងមកកាន់កម្ពុជា ហើយលោកសង្ឃឹមថា ការវិនិយោគ​ផ្ទាល់ពីអាល្លឺម៉ង់ នឹងត្រូវបានពង្រីកថែមទៀតនៅកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្ដេចតេជោ ពីការបើកស្ថានកុងស៊ុលកិត្តិយស​របស់​​​អាល្លឺម៉ង់​ប្រចាំទីក្រុងសៀមរាប នៅខែមិថុនាកន្លងទៅ ដែលដឹកនាំដោយកុង​ស៊ុល​កិត្តិយស​ម្នាក់មានជំនាញខាងពាណិជ្ជកម្ម និងទេសចរណ៍។ ឯកឧត្តមឯកអគ្គរដ្ឋទូត ជឿ​ជាក់​ថា ស្ថានកុងស៊ុលកិត្តិយសនេះ នឹងជួយជំរុញការទាក់ទាញ​ទេសចរណ៍អាល្លឺម៉ង់ និងបណ្ដាប្រទេសនៅអឺរ៉ុបមួយចំនួនទៀត មកបំពេញទស្សនកិច្ចនៅ​ខេត្តសៀមរាប ដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌។

ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបន្ថែមថា លោកនឹងប្រឹងប្រែងបន្តទៀត ដើម្បី​គាំទ្រ​កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍស្របតាមយុទ្ធសាស្ត្រ​បញ្ច​កោណ​។

បន្ថែមលើទំានាក់ទំនងទ្វេភាគី ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លើកឡើងថា កម្ពុជា និង​អាល្លឺ​ម៉ង់ មានកិច្ចសហប្រតិបត្តិការល្អនៅលើវេទិកាអន្តរជាតិ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាន​អរគុណកម្ពុជា ដែលបានគាំទ្រការហ្វឹកហ្វឺនអ្នកដោះមីនអ៊ុយក្រែន។ អាល្លឺម៉ង់ ចង់ឱ្យ​កម្ពុជា​បន្តពង្រីកការងារបណ្ដុះបណ្ដាលនេះបន្ថែមទៀត។

ទាក់ទងនឹងបញ្ហាដោះមីននេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសន្យាថា នឹងបន្ត​ធ្វើការ​ជាមួយអង្គការនានា លើកិច្ចការដោះមីន ដើម្បីឱ្យកម្ពុជាសម្រេចគោល​ដៅក្លាយជា​ប្រទេស​គ្មានមីននៅក្នុងឆ្នាំ២០២៥ខាងមុខ។ ជាមួយនេះអាល្លឺម៉ង់ ក៏បន្តគាំទ្រ​គម្រោង​អភិរក្សប្រាសាទអង្គរ និងប្រាសាទនានា ដែលជាបេតិកភ័ណ្ឌវប្បធម៌​ដ៏សម្បូរបែប ដែល​គម្រោងនេះមានរយៈពេលវែងជាងគេលើពិភពលោក។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងការរីករាយដោយសម្ដេចបានធ្វើការ​ជាបន្ត​បន្ទាប់​ជាមួយនឹងថ្នាក់ដឹកនាំអាល្លឺម៉ង់ ជាពិសេសក្នុងជំនួបជាមួយប្រធានាធិបតីអាល្លឺ​ម៉ង់ ក្នុងទីក្រុងព្រុចសែលពេលកន្លងមកនេះ ហើយថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា និងធ្វើការជាមួយគ្នាបន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលអាល្លឺម៉ង់​ ដែលបន្ត​ជួយ​កម្ពុជា​​​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ សម្តេចតេជោ បានលើកឡើងថា ការផ្លាស់ប្ដូរ​ទស្សនកិច្ច​របស់​គណៈប្រតិ​ភូ​ជាន់​ខ្ពស់ បានបង្កើនកម្រិតកាន់តែខ្ពស់ថែមទៀតនូវកិច្ច​សហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេស ចរណ៍ដែលធ្វើឱ្យមាន​វឌ្ឍន​ភាព​គួរ​ឱ្យកត់សម្គាល់។ សម្ដេចតេជោ បានបន្តថា សម្ដេច មានមោទនភាពចំពោះ​សមិទ្ធផល​ល្អៗ ដែលសម្រេចបានជាមួយគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានស្នើឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បន្តជំរុញការងារក្នុងវិស័យ​សេដ្ឋកិច្ច ការវិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។

ពាក់ព័ន្ធបញ្ហាមីនវិញ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា កម្ពុជាគ្រោង​បញ្ចប់ការដោះមីនទាំងអស់នៅក្នុងឆ្នាំ២០២៥ ក៏ប៉ុន្តែសម្ដេចមានការព្រួយបារម្ភថា គោលដៅនេះ អាចសម្រេចមិនបានទាំងស្រុង។ សម្តេចតេជោសង្ឃឹមថា អាល្លឺម៉ង់ នឹងបន្ត​ជួយ​លើការដោះមីននេះ។

សម្ដេចតេជោ ក៏បានអរគុណចំពោះភាគីអាល្លឺម៉ង់ ដែលបានយកចិត្តទុកដាក់ និងជួយ​ថែរក្សាប្រាង្គប្រាសាទរបស់កម្ពុជា។ ដោយកម្ពុជាមានប្រាង្គប្រាសាទច្រើន សម្តេច​តេជោ អំពាវនាវឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ និងមិត្តភក្កិដទៃទៀតបន្តជួយការពារ ថែទាំ និងអភិរក្សកេរដំណែលដូនតានេះ។

នៅលើទំនាក់ទំនងទ្វេភាគីវិញ សម្ដេចតេជោប្រធានព្រឹទ្ធសភា បាន​ស្នើភាគីអាល្លឺ​ម៉ង់ ជំរុញការចរចាឈានដល់កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីរវាងអាស៊ាន និងសហ​ភាព​អឺរ៉ុប។

សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយ ក្នុងការបន្តកិច្ចការដែលបានធ្វើជាមួយ​គ្នា ជាពិសេសជំរុញទេសចរណ៍អាល្លឺម៉ង់មកកាន់កម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។ សម្តេចតេជោ ជឿជាក់ថា ការបង្កើតស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់​នៅទីក្រុង​សៀម​រាប អាចនឹងជួយជំរុញវិស័យទេសចរណ៍ផងដែរ។

ក្នុងជំនួបនេះ សម្តេចតេជោ និងឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានពិភាក្សាគ្នាអំពី​បញ្ហា​ប្រឈម​នានានៅក្នុងតំបន់ និងសកលលោក រួមមានវិបត្តិនយោបាយនៅមីយ៉ាន់​ម៉ា និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ៕