(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោនឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៩៖០៩នាទីព្រឹក និងបានអំពាវនាវដល់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងប្រទេសនាំគ្នាវាយគង វាយស្គរ វាយប៉ោត ឬវាយអ្វីមួយដែលបង្កើតបានសំឡេង ដើម្បីចូលរួមអបអរសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមទៀតសម្រាប់កូនខ្មែរ។
ការអំពាវនាវបែបនេះក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងប្រទេសដែលបានគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលក្នុងការបន្តអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឆាប់ៗខាងមុខ នៅវេលាម៉ោង៩៖០៩នាទីព្រឹក។
សម្ដេចថ្លែងយ៉ាងដូច្នេះថា «វេលាម៉ោង៩៖០៩នាទីព្រឹក ខ្ញុំនឹងចុចប៊ូតុងនៅទីការដ្ឋាននោះ ហើយក៏សូមឱ្យមានវាយគង ស្គរ មានប៉ោតក៏បានដែរ ឬនៅឈប់ស្តុបភ្លើងក្រហមអាចជួយវាយម៉ូតូតិចៗក៏បាន ឬគោះមួកក៏បានដែរ ដើម្បីអបអរសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្របន្ថែមទៀតសម្រាប់កូនខ្មែរ»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបន្តអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាចលនាជាតិដ៏ធំសម្រាប់ប្រជាជាតិកម្ពុជា។
សម្ដេចបានបន្តថា ដូនតាបុព្វបុរសខ្មែរបានកសាងនិងបន្សល់ទុកកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយ អីចឹងហើយយើងដែលជាកូនចៅជំនាន់ក្រោយនេះក៏ត្រូវចេះបង្កើតសមិទ្ធផលថ្មីៗសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត ហើយបុព្វបុរសយើងនឹងសប្បាយចិត្តចំពោះយើងជាកូនចៅរបស់ពួកគាត់។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ១,៧០០លានដុល្លារអាមេរិក។
ព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕