មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រកាសឯកឧត្តម ខុន សេរីរដ្ឋា ចូលកាន់មុខតំណែងអភិបាលរងខេត្តកណ្តាល


ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រកាសឯកឧត្តម ខុន សេរីរដ្ឋា ចូលកាន់មុខតំណែងអភិបាលរងខេត្តកណ្តាល នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល។

ពិធីនេះក៏មានការចូលរួមផងដែរពី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្ត។

ថ្លែងក្នុងពិធីនេះឯកឧត្តម តាំង ម៉េងលាន បានបញ្ចាក់ថា ឯកឧត្តម ខុន សេរីរដ្ឋា គឺជាមន្រ្តីវ័យក្មេងដែលមានចំណេះដឹងខ្ពង់ខ្ពស់ មានបទពិសោធន៍ច្រើនឆ្នាំលើកិច្ចការងារនយោបាយ សន្តិសុខ រដ្ឋបាល សេដ្ឋកិច្ច និងការងារដឹកនាំនៅក្នុង​មូលដ្ឋា​ន ដោយលោកមានបទពិសោធន៍ការងារប្រមាណ ១៧ឆ្នាំ ក្នុងអាជីពជាមន្រ្តីរាជការ, ក្នុងនោះ ឯកឧត្តមធ្លាប់មានអតីតភាពជាអភិបាលរងស្រុកខ្សាច់កណ្តាលក្នុងឆ្នាំ២០១០ ជាអភិបាលរងស្រុកស្អាងក្នុងឆ្នាំ២០១៩ មុននឹងត្រូវបានតែងតាំងជាអភិបាលស្រុកអង្គស្នួល កាលពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៤នេះ។

ឯកឧត្តម ចន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ផ្តាំផ្ញើដល់ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តថ្មី ត្រូវខិតខំបំពេញតួនាទីភារកិច្ច ដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ជាពិសេបទល្មើសចំនួន៣ ដែលយើងទាំងអស់គ្នាត្រូវចាប់អារម្មណ៍មានដូចជា៖១គ្រឿងញៀន ២ការជួញដូរមនុស្ស ៣ក្មេងទំនើង ត្រូវមានការចូលរួមពីមេភូមិ ឃុំ សង្កាត់ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ការបើកវេទិការសាធារណ ជាគោលការណ៍រួមក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា។

ក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការ បានស្នើសុំឱ្យប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាពទាំងអស់ សូមចូលរួមសហការជាមួយអភិបាលរងខេត្តថ្មី ដើម្បីរួមគ្នាកែលម្អ កែតម្រូវទៅតាមតម្រូវការក្នុងការចូលរួមបំពេញការងារ ជំរុញការកែលម្អសេវាសាធារណនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល៕