ប្រតិភូក្រសួងពាណិជ្ជកម្ម នាំយកអំណោយប្រគល់ជូនបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក នាឱកាសបុណ្យភ្ជំបិណ្ឌ


(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាននាំយកអំណោយ និងថវិកាមួយចំនួន ធ្វើការប្រគល់ជូនទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងចំណងសាមគ្គីភាពរវាងស្ថាប័នទាំងពីរ និងចូលរួមដោះស្រាយជីវភាពយុទ្ធជន-យុទ្ធនារី ដែលកំពុងបំពេញភារកិច្ចនៅក្នុងមូលដ្ឋាន និងនៅសមរភូមិ។
អំណោយទាំងអស់មានដូចជា កូនឈើក្រញូង ៣៥០ដើម, កូន​ឈើ​បេង​ចំនួន ១៥០ដើម, ថវិកាជូនកងទ័ព ៣៧២នាក់ (ក្នុងម្នាក់ទទួលបាន ២ម៉ឺនរៀល), ថវិកាជូនអង្គភាពទ័ព ២លានរៀល, គ្រឿងឧបភោគ-បរិភោគ រួមមានស្រាបៀ ៦០កេស, ទឹកក្រូច ២០កេស, មី ១០០កេស, ទឹកត្រី ១០០យួរ និងទឹកស៊ីអ៊ីវ ១០០យួរ) ព្រមទាំងសម្ភារៈប្រើប្រាស់ (ស័ង្កសី ៣៣០សន្លឹក និងព្រំដំបូល ៧សន្លឹក) សុរបថវិកាស្មើនឹងទឹកប្រាក់ ១៣,៣០០,០០០រៀល និង៦,៣៩៨ដុល្លារអាមេរិក។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច​គតិព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនចំពោះមេបញ្ជាការ មេបញ្ជការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នាឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជំបិណ្ឌ ដែលនឹងចូលនាពេលដ៏ខ្លីខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកយកប្រវត្តិនៃការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួងពាណិជ្ជកម្ម និងបញ្ជាការដ្ឋានកងកាំភ្លើងធំ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជានាយករដ្ឋមន្ត្រី ដែលមកទល់បច្ចុប្បន្ន គឺមានរយៈពេល ៣ឆ្នាំគត់ ហើយបានរួមចំណែកយ៉ាងច្រើន ក្នុងការដោះស្រាយជីវភាពរបស់កងទ័ព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ក៏ដូចជានៅតាមព្រំដែននៃសមរភូមិជួរមុខ។ បន្ថែមលើសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព សម្រាប់ការស្តា និងអភិវឌ្ឍន៍ជាតិ ព្រមទាំងអំពាវនាវដល់កងទ័ពទាំងអស់ បន្តថែរក្សាសន្តិភាពដែលមានក្នុងពេលបច្ចុប្បន្ន ដើម្បីផ្តល់ឱកាស​ជូនប្រជាជនទាំងអស់ ធ្វើការអភិវឌ្ឍន៍គ្រួសារ និងសង្គមសេដ្ឋកិច្ច ឲ្យបានរីកចម្រើនដូចប្រទេសនានាក្នុងពិភពលោក។
គួររំលឹកដែរថា បន្ទាប់ពីកម្ពុជាបានសម្រេចបាននូវឯកភាពជាតិ និងរក្សាបានសុខសន្តិភាពគ្រប់ទីកន្លែង ប្រជាពលរដ្ឋខ្មែរមានសិទ្ធិចូលរួមដោយសេរីក្នុងការគោរព និងប្រតិបត្តិសាសនាផ្សេងៗទៅតាមជំនឿ។ ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ប្រជាជនខ្មែរតែងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ដោយ​ចែក​វេន​គ្នា​ជា​​មួយ​​ពុទ្ធ​បរិស័ទចំណុះជើងវត្ត ធ្វើការរៀបចំទេយ្យទាន និងគ្រឿងបរិក្ខាផ្សេងៗ សម្រាប់ប្រគល់ជូនមាតា-បិតា ជីដូន-ជីតា ឬចាស់ព្រឹទ្ធា​ចារ្យ ដើម្បីចូលទៅកាន់បិណ្ឌនៅតាមទីអារាម និងសមាទានសីល៥ សីល៨ ឬសីល១០ ឬ បំពេញកុសលផ្សេងៗ។ លុះដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យធំ ឬជាថ្ងៃបង្ហើយ ប្រជាជនខ្មែរភាគច្រើន តែងនាំគ្នាធ្វើដំណើរទៅកាន់ស្រុកភូមិកំណើត ដើម្បីប្រារព្ធពីធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ និងញាតិមិត្ត តាមប្រពៃណីព្រះពុទ្ធសាសនា។