ឯកឧត្តមគួច ចំរើន ឧបត្ថម្ភអគារសិក្សា១ខ្នង កម្ពស់២ជាន់ មាន១៦បន្ទប់ ជូនសិស្សសាលាបឋមសិក្សាជ័យឧត្តម ស្ថិតនៅស្រុកកៀនស្វាយ


(កណ្ដាល)៖ ក្រោយឡើងកាន់តំណែងជាអភិបាលខេត្តកណ្តាល មិនបានប៉ុន្មានខែផង, ឯកឧត្តម គួច ចំរើន បានឧបត្ថម្ភអគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង១៦បន្ទប់ មានបណ្តោយ៧៣ម៉ែត្រ និងទទឹង ១០ម៉ែត្រ ជូនសិស្សសាលាបឋមសិក្សាជ័យឧត្តម ស្ថិតនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ។

អគារសាលាបឋមសិក្សានេះ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម សួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ, លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ និងលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ

នាឱកាសនេះ លោក ឡូវ សុខសាន បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្ដីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ជូនចំពោះអាជ្ញាធរ និងកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សព្រមទាំងសប្បុរសជនទាំងអស់។ លោកតែងតែគិតគូពីសុខទុក្ខ ការលំបាក ជីវភាពរស់នៅប្រចាំថ្ងៃ ការអប់រំ ការអភិវឌ្ឍន៍ និងតែងតែនៅជាប់ជាមួយប្រជាជន មន្ត្រីរាជការគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។

លោកអភិបាលស្រុក បានបន្តថា ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាមេដឹកនាំវ័យក្មេងប្រកបដោយថាមពលមាន ទេពកោសល្យ និងបន្តនាំមកឱ្យប្រទេសជាតិនូវការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ មានស្ថិរភាព មានសន្តិភាព ពិតប្រាកដ និងធ្វើឱ្យប្រជាពលរដ្ឋមានភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព។ល៕