រដ្ឋមន្ត្រីក្រសួងបរិស្ថានបង្ហាញពីទិដ្ឋភាពនៃការវិវឌ្ឍនៃវិស័យបរិស្ថានដល់និស្សិតជនជាតិអង់គ្លេស


រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឱ្យបេក្ខជនថ្នាក់បណ្ឌិតសញ្ជាតិអង់គ្លេសលោក NEIL LOUGMLIN បានចូលជួបនឹង និងសំណេះសំណាលនៅទីស្តីការក្រសួងបរិស្ថាន។ លោក NEIL LOUGMLIN គឺជាបេក្ខជនថ្នាក់បណ្ឌិតនៅសាលកលវិទ្យាល័យនៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសដែលកំពុងសិក្សាស្រាវជ្រាវពីប្រទេសកម្ពុជាក្រោយឆ្នាំ១៩៧៩​ដើម្បីបំពេញនិក្ខេបបទថ្នាក់បណ្ឌិត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានប្រាប់ទៅកាន់លោក NEIL LOUGMLIN អំពីសមិទ្ធិផលរបស់ក្រសួងបរិស្ថានក្នុងរយៈពេល៤ឆ្នាំមកនេះ ដែលក្រសួងបានធ្វើទំនើបកម្មស្ថាប័នដោយបានពង្រឹងសមត្ថភាពមន្ត្រី និងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នដែលបាននិងកំពុងផ្តល់ផ្លែផ្កាចំពោះសុខុដុមនីយកម្ម និងវឌ្ឍនភាពនៃវិស័យបរិស្ថានកម្ពុជាដើម្បីឆ្ពោះទៅការបញ្ជ្រៀប និងការផ្លាស់ប្តូរផ្នត់គនិតរបស់ប្រជាពលរដ្ឋឱ្យស្រឡាញ់ និងយកចិត្តទុកដាក់ថែរក្សាបរិស្ថានឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីវឌ្ឍនភាពនៃសង្គមកម្ពុជាទាំងនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្នដោយឯកឧត្តមបានថ្លែងបញ្ជាក់ពីសុខសន្តិភាព និងស្ថេរភាពនយោបាយដែលកម្ពុជាមាន និងកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% រយៈ១០ឆ្នាំចុងក្រោយនេះ រួមទាំងសេរីភាពសារព័ត៌មាននៅកម្ពុជាដែលជាលំហរនាំឱ្យពលរដ្ឋកម្ពុជាបានក្លាយទៅជាប្រជាជនពិភពលោក។
ដោយឡែក លោកNEIL LOUGMLIN បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីដែលបានឱ្យលោកចូលជួប និងបានលើកឡើងពីការវិវឌ្ឍនៃសង្កមកម្ពុជា៕