មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បន្តអន្តរាគមន៍សង្គ្រោះដំណាំស្រូវជួបការខ្វះខាតទឹកប្រមាណ ៤៥០ ហិកតា នៅក្នុងស្រុកស្វាយជ្រំ


គួររំលឹកផងដែរថា ដោយសារភ្លៀងធ្លាក់មិនបានរាយប៉ាយល្អជាបន្តបន្ទាប់ បានធ្វើឱ្យដំណាំស្រូវនៅតំបន់មួយចំនួនក្នុងស្រុកស្វាយជ្រំ រងផលប៉ះពាល់ដោយសារខ្វះទឹក ។ ឆ្លើយតបភ្លាមៗទៅនឹងបញ្ហានេះ នាពេលកន្លងមក មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានបញ្ជូនគ្រឿងចក្រ និងម៉ាសុីនបូមទឹកចល័តខ្នាតមធ្យម ដើម្បីអន្តរាគមន៍ទាញទឹកប្រព័ន្ធធារាសាស្ត្រវ៉ៃកូ ជំហានទី ២ (អតីតប្រព័ន្ធស្រោចស្រពកំពង់ជ្រៃ) ទៅសង្គ្រោះដំណាំស្រូវបានប្រមាណ ១.២០០ ហិកតា រួចមកហើយ ។ ប៉ុន្តែ ការបន្តធ្លាក់ភ្លៀងក្នុងកំរិតតិចតួច និងមិនបានរាយប៉ាយល្អ បានធ្វើឱ្យដំណាំស្រូវប្រមាណ ៤៥០ ហិកតា ផ្សេងទៀត នៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ប្រឈមផលប៉ះពាល់ ។ បច្ចុប្បន្ន ផ្ទៃដីទាំងនោះ ក៏ត្រូវបានក្រុមការងាររបស់មន្ទីរអន្តរាគមន៍កាយប្រឡាយ ០១ ខ្សែ ប្រវែង ២.០០០ ម៉ែត្រ ដើម្បីនាំទឹកពីប្រព័ន្ធធារាសាស្ត្រវ៉ៃកូ ជំហានទី ២ ទៅសង្គ្រោះផងដែរ ៕