សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនៅសួនឧស្សាហកម្ម កាណាឌីយ៉ា


នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករនិយោជិតសរុបជាង ១០,៤៦១ នាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញជួបជុំជាមួយ បងប្អូនកូនក្មួយកម្មករ កម្មការនីដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវការចាំបាច់នានាដើម្បីបង្កើនប្រសិទ្ធ ភាពការងារអោយកាន់តែល្អប្រសើរឡើង ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលអោយទទួលបានជោគជ័យ។
សម្តេចតេជោ ហ៊ុន សែន តែងតែមានកម្មវិធីជួបជុំកម្មករនិយោជិតក្នុងពេលកន្លងមកគឺក្នុងមួយឆ្នាំៗ សម្តេចតេជោ បានអញ្ជើញជួបបងប្អូនកម្មករនៅក្នុងថ្ងៃទី ១៣ ឧសភា នៃទិវាពលកម្មអន្តរជាតិ និងបាន អញ្ជើញចុះជួបផ្ទាល់ថែមទៀតនៅតាមបណ្តាលរោងចក្រផ្សេងៗទៀត។ ក្នុងឆ្នាំ២០១៧ នេះ សម្តេចតេជោ បានសម្រេច អញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកូនក្មយយកម្មករនិយោជិតប្រមាណជាង១លាននាក់ ដែលបានគ្រោងធ្វើ២ដងក្នុងមួយសប្តាហ៍។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ការជួបជុំកម្មករកម្មការនីនៅសួនឧស្សាហកម្មវឌ្ឍៈទី២ កាលពី ពេលថ្មីៗនេះ ដែលនៅទីនោះគឺម្ចាស់រោងចក្រ បានកំណត់ម៉ោងអោយកម្មការនី ស្ត្រីមានផ្ទៃពោះបានចេញ ពីកន្លែងធ្វើការមុន ១៥ នាទី។ សម្តេចតេជោ បានស្នើរអោយគ្រប់បណ្តារោងចក្រនានាទៀតកំណត់ម៉ោង អោយបុគ្គលិកកម្មការនីមានផ្ទៃពោះបានចេញពីកន្លែងធ្វើការមុន១៥នាទី ដូចៗគ្នា។ ព្រោះកន្លែងខ្លះ អោយចេញមុន ៥ នាទី ហើយកន្លែងខ្លះទៀតអោយចេញមុន ១០នាទី។
សម្តេចតជោ ហ៊ុន សែន បានរំលឹកថានៅឆ្នាំ ១៩៩៧ កម្ពុជាមានរោងចក្រត្រឹមតែ ៦៤ តែប៉ុណ្ណោះ ហើយទំហំទឹកប្រាក់នាំចេញមានត្រឹមតែ ២២៧ លានដុល្លារ។ នៅពេលនេះទំហំទឹកប្រាក់នាំចេញបាន កើនឡើងប្រមាណ ៧,៦៦៣ លានដុល្លារ ដែលបានបង្ហាញពីការរីកចម្រើននៃរោងចក្រ សហគ្រាស និងកំណើនសេដ្ឋកិច្ចកម្ពុជា។
ចំពោះការតម្លើងប្រាក់ខែកម្មករ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅឆ្នាំ២០១៨ ខាងមុខ នេះប្រាក់ខែកម្មករតិចបំផុតគឺ ១៦០ដុល្លារ បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត គឺនឹងទទួលបាន ច្រើនជាង២០០ដុល្លារ។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល គឺកម្ពុជាបានកាត់បន្ថយភាព ក្រីក្រពីពីអត្រា ១០០% ចុះមក ១៣% នៅឆ្នាំ ២០១៤។ មហិច្ឆិតារបស់យើងគឺនឹងធ្វើអោយកម្ពុជា ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោក ឧកញ៉ា ពុង ឃាវ សែ ដែលបានបង្កើតសួរឧស្សាហកម្មនៅទីនេះ ក្នុងការទាក់ទាញការវិនិយោគពីបរទេស ព្រមទាំងបានកោតសរសើរចំពោះម្ចាស់រោងចក្រទាំង ២៨ ដែលមានជំនឿទុកចិត្តក្នុងការមកវិនិយោគ និងផ្តល់ការងារដល់កម្មករយើងនៅទីនេះផ្ទាល់។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំអោយកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សាសន្តិភាព និងការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែរីកចម្រើន។ សម្តេចតតេជោ បាន ផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុចដែលនាំមកនូវការរីកចម្រើនសម្រាប់ម្ចាស់រោងចក្រផង និងសម្រាប់ កម្មករកម្មការនីផង:-
១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។
២)ត្រូវរួមគ្នាថែរក្សាការងារចាស់ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកសង្វាក់ផលិត កម្ម និងបង្កើនទីផ្សារ។ រាជរដ្ឋាភិបាលនឹបន្តកែលម្អរនូវហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក ប្រព័ន្ឋអគ្គីសនី និងទឹកដើម្បីទាក់ទាញ និងសម្រួលដល់ការវិនិយោគ។
ទី៣)ត្រូវរួមគ្នាបង្កើនប្រាក់ចំណូលដល់កម្មករតាមរយៈការបណ្តុះបណ្តាលសមត្ថភាពចំណេះដឹងបន្ថែម ដល់ពួកគាត់អោយទទួលបានការងារល្អ និងប្រាក់ខែខ្ពស់។ រាជរដ្ឋាភិបាលនឹងបន្តតម្លើងប្រាក់ខែកម្មករជា រៀងរាល់ឆ្នាំ។ ចំពោះតម្លៃទឹកវិញ គឺចាប់ពីថ្ងៃទី១កញ្ញា ឆ្នាំ ២០១៧ នេះតទៅគឺកម្មករបង់តែ៧០០រៀល ប៉ុណ្ណោះ។ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្ទះសូមកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមដើម្បីសម្រួលដល់ជីវភាពរស់នៅអោយបានល្អ ប្រសើរឡើង។
៤)ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករ ចាប់ពីខែ មករា ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។ពេលនោះ បងប្អូនអាច នៅសល់ប្រាក់ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…) គឺទទួលបានការពិនិត្យព្យា បាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃតាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយ ម្ចាស់ក្រុមហ៊ុនរោងចក្ររៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។
ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺនឹង ទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយ នៅទទួលបានប្រាក់ខែ ១២០%។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជូន ដំណឹងដល់បងប្អូនកម្មការនីអំពីអត្ថប្រយោជន៍មួយទៀតដែលនឹងទទួលបានពីបេឡាសង្គមគឺ:- ចំពោះស្រ្តី សម្រាលកូនទោះក្នុងប្រព័ន្ឋ ឬក្រៅប្រព័ន្ឋដែលសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀល។ បើ សម្រាលបានកូនភ្លោះ (២) គឺទទួលបាន ថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបាន ថវិកា១លាន២សែនរៀល ហើយ បូកប្រាក់ឧបត្ថម្ភមួយចំនួនបន្ថែមទៀតពី សម្តេចតេជោ និងសម្តេច កិត្តិព្រឺទ្ឋបណ្ឌិត។ ថវិកានេះនឹងផ្តល់ជូនដោយបេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលដែលនឹងត្រៀម ថវិកាប្រមាណ១០លានដុលារ ក្នុង១ឆ្នាំៗ ដើម្បីជួយគាំពារស្រ្តីសម្រាលកូន។ ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួលបានថវិកាគាំពារដូចគ្នា។
សម្តេចតេជោ ហ៊ុន សែន មិនបានភ្លេចក្នុងការបញ្ជាក់ប្រាប់សារជាថ្មីថា ក្មួយៗកម្មករកម្មការនីទូទាំង ប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩) ហើយនៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពេលនៅធ្វើការចុងក្រោយ។
ទី៥)រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារចំពោះកម្មករកម្មការនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវលក្ខ័ណការងារល្អៗ ដែលមានប្រាក់ ខែល្អសមរម្យដល់កម្មករ ព្រមទាំងជួយសម្រួល នូវបែបបទលិខិតបទដ្ឋានផ្លុវច្បាប់នានា ដែលពាក់ព័ន្ឋ នឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេស ផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃដើម្បីផ្តល់នូវការងារ និងប្រាក់ខែល្អៗសម្រាប់ បងប្អូនកូនក្មយកម្មករខ្មែរ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មករកម្មការិនី ម្ចាស់ក្រុមហ៊ុន និយោជក ទាំងអស់ដែលបានចូលរួមក្នុងពិធីជួបជុំនិងសំណេះសំណាលថ្ងៃនេះ។ សម្តេចតេជោ បានឧបត្ថម្ភនូវប្រាក់ គាំពារសុខភាពមួយចំនួនដល់ស្រ្តីកម្មការនីមានផ្ទៃពោះជាង៣០០នាក់ និងបានឧបត្ថម្ភប្រាក់លើកទឹកចិត្ត ដល់បងប្អូនកូនក្មួយកម្មករជាងមួយម៉ឺននាក់ ព្រមទាំងបានថតរូប Selfie ទុកជាអនុស្សាវរីយ៍ ជាមួយបងប្អូនកូនក្មួយកម្មករកម្មការនីដែលបង្ហាញនូវក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតក្នុងលក្ខណៈស្និទ្ឋស្នាលនិងសប្បាយរីករាយក្រៃលែង៕