ពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងបើកការដ្ឋានតភ្ជាប់បណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់នគរធំ ក្រុងសៀមរាប


ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនស៊ុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម បណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងបើកការដ្ឋានតភ្ជាប់បណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋនៅតំបន់ស្រះស្រង់ ដែលមាន ០៥ ភូមិ សង្កាត់នគរធំ ក្រុងសៀមរាប ដែលស្ថិតក្នុងតំបន់អប្សរា ។
ផ្តើមចេញពីដំណោះស្រាយ និងការឯកភាពគ្នានេះ អគ្គីសនីសៀមរាប បានសហការជាមួយអាជ្ញាធរអប្សរា សាលាក្រុងសៀមរាប សង្កាត់ស្លក្រាម សង្កាត់នគរធំ រៀបចំវេទិកាសាធារណៈនៅមណ្ឌល៣ ក្រោមអធិបតីភាព ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប្រធានអាជ្ញាធរអគ្គិសនី ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដើម្បីជួសំណេះសំណាលស្វែងយល់អំពីការលំបាក អំពីសំណូមពររបស់ប្រជាជនដែលរស់នៅក្នុងតំបន់អប្សរា និងជម្រាបជូនប្រជាជនអំពីការអនុញ្ញាតឲ្យអគ្គិសនីសៀមរាប ដាំបង្គោល អូសខ្សែចែកចាយអគ្គិសនីក្នុងតំបន់អប្សរា ។
ក្រោយពីថ្ងៃបើកកិច្ចប្រជុំវេទិកាសាធារណៈ អគ្គីសនីសៀមរាប បានចាប់ផ្តើមអូសខ្សែលើបង្គោលដែលមាន ស្រាប់ និងលើកផែនការសាងសង់ពង្រីទៅកាន់តំបន់ដ៏ទៃទៀតជាជំហានបន្តបន្ទាប់ក្នុងតំបន់អប្សរាដែលមិនទាន់មានអគ្គិសនី ប្រើប្រាស់ សម្រេចបានចំនួន ៦ តំបន់ ( ក្នុងតំបន់អប្សរា ) សរុបបានភ្ជាប់ចរន្តរួចជូនប្រជាជនប្រើប្រាស់ ចំនួន ៦.១៣៨ អតិថិជន ហើយការចុះភ្ជាប់ចរន្តអគ្គិសនីជូនប្រជាជនក្នុងតំបន់អប្សរាកន្លងមកអគ្គិសនីសៀមរាបបានលុបបំបាត់ការធ្វើអាជីវកម្មផ្គត់ផ្គង់អគ្គិសនីរបស់ឯកជនដែលមានតម្លៃថ្លៃ ចំនួន ២០ ក្រុម ដែលនៅតំបន់នោះក្រុមអគ្គិសនីឯកជនទាំង ២០ ចែកចាយលក់ភ្លើងជូនប្រជាពលរដ្ឋ ចំនួន ២៥ ភូមិ ដែលលក់អគ្គិសនី ឲ្យប្រជាជនប្រើប្រាស់ពី ១.៨០០ រៀលទៅដល់ ៣.០០០ រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។
ជាក់ស្តែង នៅតំបន់នេះត្រូវភ្ជាប់អគ្គិសនីជូនប្រជាជនចំនួន ៥ ភូមិ រួមមាន ភូមិស្រះស្រង់ខាងជើង ភូមិស្រះស្រង់ខាងត្បូង ភូមិរហាល ភូមិក្រវ៉ាន់ ភូមិអារក្សស្វាយ សង្កាត់នគរធំក្រុងសៀមរាប ដែលមាន ១,២៥២ ខ្នងផ្ទះ ដែលអគ្គិសនីពីឯកជនពីមុនប្រើប្រាស់ដោយម៉ាសុីនភ្លើងសម្រាប់ចែកចាយអគ្គិសនីចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង ១យប់ ( មិនមានអគ្គិសនីប្រើប្រាស់ដល់ ២៤ម៉ោងទេ ) និងមានថ្លៃលក់ពី ៣.៥០០ រៀល ទៅដល់ ៤.០០០ រៀលក្នុង ១គីឡូវ៉ាត់ម៉ោង ។
ក្រោយពីការភ្ជាប់បណ្តាញនេះរួច ប្រជាពលរដ្ឋនឹងទទួលបានតម្លៃទាប តាមប្រភេទនៃការប្រើប្រាស់ក្នុងមួយខែដូចខាងក្រោម៖
១- អត្រាប្រើប្រាស់ តិចជាង១០គីឡូវ៉ាត់ម៉ោង តម្លៃ ៤៨០រៀល
២-អត្រាប្រើប្រាស់ តិចជាង១០-៥០គីឡូវ៉ាត់ម៉ោង តម្លៃ ៦១០រៀល
៣-អត្រាប្រើប្រាស់ ច្រើនជាង៥០គីឡូវ៉ាត់ម៉ោង តម្លៃ ៧៧០រៀល
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋចូលរួមប្រមាណ ៨០០ នាក់ ម្នាក់ៗទទួលបាន សារុង ម្នាក់ ១ ។