សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាត្តអោយឯកឧត្តម វ៉ាង ជៀរ៉ុយ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនចូលជួបសម្តែងការគួរសម


នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាត្តអោយឯកឧត្តម វ៉ាង ជៀរ៉ុយ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនចូលជួប សម្តែងការគួរសមនិងធ្វើ សវនាការនៅវិមានរដ្ឋសភាក្នុងឱកាសឯកឧត្តមដឹកនាំគណប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
សម្តេចប្រធានរដ្ឋសភាបានចាត់ទុកវត្តមានឯកឧត្តមអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិននៅកម្ពុជានាពេលនេះស្របពេលទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា ចិនបានឈានដល់កម្រិតខ្ពស់ពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្ត និងជាការបង្ហាញពីការចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញាត្តទាំងពីរអោយកាន់តែជិតស្និទ្ធនិងស៊ីជំរៅថែមទៀត។សម្តេចអគ្គមហាពញាចក្រី ហេងសំរិនបានមានប្រសាសន៌ទៀតថាបច្ចុប្បន្ននេះថ្នាក់ដឹកនាំនិងប្រជាជាតិប្រទេសទាំងពីរមានមោទនៈភាពរីករាយក្នុងការចូលរួមបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងជាប្រវត្តិសាស្រ្តដែលបានកសាងឡើងដោយអតីតព្រះករុណាព្រះបរមរតនៈកោដ្ឋជាមួយនិងថ្នាក់ដឹកនាំចិន។សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថាចិនជាមហាមិត្តដ៌ល្អរបស់កម្ពុជានៅគ្រប់កាលៈទេសៈដែលមានការគោរពស្រឡាញ់ជឿជាក់គ្នាដោយភាពស្មោះត្រង់និងទុកចិត្តគ្នាទៅវិញទៅមក។ហើយជានិច្ចកាលកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយជាដរាប។ រដ្ឋសភាកម្ពុជាពេញចិត្តចំពោះសមិទ្ធិផលដែលកើតចេញពីទំនាក់ទំនងក្នុងភាពជាដៃគូរយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា ចិនដែលនាំមកនូវវឌ្ឍនៈភាពសម្រាប់ប្រជាជាតិទាំងពីរជាពិសេសបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។
ឯកឧត្តម វ៉ាង ជៀរ៉ុយ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនបានមានប្រសាសន៌ជំរាបជូនសម្តេចប្រធានរដ្ឋសភាថានៅឆ្នាំ២០១៨ខាងមុខនេះគឺជាឆ្នាំខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ ហើយប្រទេសទាំងពីរមានមិត្តភាពជាមួយគ្នាជារៀងរហូត។ទន្ទឹមនិងនេះឯកឧត្តមបានបញ្ជាក់ថាប្រទេសទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងវិស័យនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ថែមទៀត។
ភាគីចិនបានបង្ហាញនូវការគាំទ្រចំពោះចំណាត់ការតាមផ្លូវច្បាប់ចំពោះ ឯកឧត្តម កឹម សុខា ប្រធានគណបក្ស ប្រឆាំង ដើម្បីធានាបាននូវ សន្តិសុខ ស្ថេរភាពនយោបាយ របស់ប្រជាជាតិកម្ពុជា ហើយថា នេះជាការដោះស្រាយបញ្ហាផ្ទៃក្នុងរបស់កម្ពុជា បានយ៉ាងល្អប្រសើរទៀតផង។ ឯកឧត្តមក៌បានជំរាបជូនសម្តេចផងដែរថា ក្រសួងការបរទេសចិន បានចេញនូវសេចក្តីថ្លែងការ គាំទ្រចំពោះចំណាត់ការនេះផងដែរ។ ឯកឧត្តមបានបន្តទៀតថា ប្រទេសចិននឹងសហការគាំទ្រ ជាមួយកម្ពុជានៅ គ្រប់កាលទេសៈ៕