ជម្រើសរបស់អ្នកប្រើប្រាស់អគ្គិសនី ក្នុងករណីដែលនៅតែមានការសង្ស័យលើការវាស់វែងបរិមាណអគ្គិសនីដែលខ្លួនប្រើប្រាស់


កន្លងមក អាជ្ញាធរអគ្គិសនីកម្ពុជាបានជំរាបជូនបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនីដែលសង្ស័យថាចំនួនគីឡូអគ្គិសនីរបស់ខ្លួនឡើងមិនប្រក្រតី រួចមានបំណងចង់រកការពិត និងចង់ដោះស្រាយបញ្ហានេះដោយត្រឹមត្រូវ អាចស្នើសុំការផ្តល់សេវាពិនិត្យនិងផ្ទៀងផ្ទាត់នាឡិកាស្ទង់ដោយមិនយកកម្រៃ ពីអាជ្ញាធរអគ្គិសនីកម្ពុជា ។
ក្នុងករណីដែលអ្នកប្រើប្រាស់ណាមួយដែលមិនជឿលើការផ្ទៀងផ្ទាត់នេះទេ អាជ្ញាធរអគ្គិសនីកម្ពុជាអាចផ្តល់នូវជម្រើសផ្សេងទៀតដើម្បីឲ្យដឹងការពិត គឺអ្នកប្រើប្រាស់នោះអាចទិញនាឡិកាណាដែលខ្លួនយល់ថាត្រឹមត្រូវពិតប្រាកដ រួចស្នើសុំមកអាជ្ញាធរអគ្គិសនីកម្ពុជាដែលជាអាជ្ញាកណ្តាល បន្ទាប់ពីអាជ្ញាកណ្តាលយើងខ្ញុំពិនិត្យរួចឃើញថានាឡិកានោះត្រឹមត្រូវតាមបច្ចេកទេសមែន យើងខ្ញុំនឹងអនុញ្ញាតឲ្យដូចខាងក្រោម ៖
ទី១៖ យកនាឡិកាដែលអ្នកប្រើប្រាស់ថាត្រឹមត្រូវនេះដាក់ទន្ទឹមគ្នាជាមួយនាឡិកាចាស់របស់អ្នកផ្គត់ផ្គង់ក្នុងរយៈពេល ៣ខែ ដើម្បីពិនិត្យមើលទាំងអស់គ្នា ថាតើនាឡិការបស់អ្នកផ្គត់ផ្គង់វាស់ខុសពីនាឡិការបស់អ្នកប្រើប្រាស់ ទិញថ្មីទេ បើវាវាស់ខុសគ្នាមែន អាជ្ញាកណ្តាលយើងខ្ញុំនឹងរកខុសត្រូវជូនអ្នកប្រើប្រាស់ ។
ទី២៖ បើអ្នកប្រើប្រាស់ណាដែលមិនចង់ប្រើនាឡិការបស់អ្នកផ្គត់ផ្គង់ទេ យើងខ្ញុំអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់នោះដូរមកប្រើនាឡិកាដែលអ្នកប្រើប្រាស់យល់ថាត្រឹមត្រូវនេះបាន ឲ្យតែនាឡិកានេះរក្សាប្លុមបេត្រឹមត្រូវ មិនរបើកពីរោងចក្រផលិតមក ។
*សំគាត់៖ ជម្រើសនេះអាចអនុវត្តចំពោះអ្នកប្រើប្រាស់ទាំងអស់ ទោះជាអ្នក

ប្រើប្រាស់នោះកំពុងប្រើអគ្គិសនីនៅក្នុងតំបន់របស់អ្នកកាន់អាជ្ញាប័ណ្ណឯកជនណាក៏ដោយ ។