ប្រទេសកម្ពុជា និងចិន នឹងពង្រឹងកិច្ចសហការលើវិស័យកម្មសិទ្ធិបញ្ញា និងការកសាងម៉ាកពាណិជ្ជកម្ម


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការក្នុងវិស័យម៉ាក និងការកសាងម៉ាកយីហោ រវាងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋបាលជាតិឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន។
ពិធីនេះបានប្រព្រឹត្តិទៅក្រោមគណៈអធិបតីភាព ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ម៉ា ហ្សិងគី (Ma Zhengqi) អនុរដ្ឋមន្ត្រីនៃរដ្ឋបាលជាតិឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន។
គោលបំណងនៃការផ្តួចផ្តើមឲ្យមានការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែទូលំទូលាយ ដោយឈរលើមូលដ្ឋានស្មើភាព និងផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកលើវិស័យម៉ាក និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ព្រមទាំងជំរុញការកសាងម៉ាកកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា និងចិន។ បន្ថែមលើនេះ អនុស្សរណៈនេះក៏មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការអនុវត្តកម្មសិទ្ធិបញ្ញា តាមរយៈការគាំពារផលប្រយោជន៍អ្នកប្រើប្រាស់ និងផលិតករឲ្យកាន់តែមានប្រសិទ្ធភាព។
តាមរយៈអនុស្សរណៈនេះ ប្រទេសទាំងពីរនឹងធ្វើការចែករំលែកលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ព្រមទាំងធ្វើទស្សនកិច្ចសិក្សាពីគ្នាទៅវិញទៅមក ដើម្បីដកស្រង់បទពិសោធន៍នៅលើវិស័យកម្មសិទិ្ធបញ្ញា និងការពង្រឹងកិច្ចការពារម៉ាកពាណិជ្ជកម្ម។ លើសពីនេះប្រទេសចិន ក៏នឹងជួយបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកត្រួតពិនិត្យម៉ាកដល់ប្រទេសកម្ពុជា និងជួយជំរុញឲ្យមានការតាំងពិព័រណ៍ផលិតផលខ្មែរ ក៏ដូចជាការកសាងម៉ាកយីហោរបស់កម្ពុជានៅលើទីផ្សារបន្ថែមទៀត៕