ឯកឧត្តម បណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Taras Kachka អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប្រទេសអ៊ុយក្រែន និងជាអ្នកតំណាងពាណិជ្ជកម្មអ៊ុយក្រែន ព្រមទាំង ឯកឧត្តម Oleksandr Gaman ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសអ៊ុយក្រែនប្រចាំវៀតណាម និងជាឯកអគ្គរដ្ឋទូតអនិវាសនជនកម្ពុជា នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ។ ជំនួបពិភាក្សាបានប្រព្រឹត្តិឡើងក្នុងគោលបំណងស្វែងយល់ និងពិនិត្យទៅលើលទ្ធភាពក្នុងការចរចានិងការឈានទៅដល់ការចុះកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការជម្រុញនិងការការពារអ្នកវិនិយោគទៅវិញទៅមកដើម្បីជាស្ពានតភ្ជាប់ប្រទេសកម្ពុជានិងអ៊ុយក្រែន ហើយនាំយកវិនិយោគិនអ៊ុយក្រែនមកកម្ពុជា ខណៈពិភពលោកកំពុងកត់សម្គាល់នូវអស្ថេរភាពដោយសារសង្គ្រាមនិងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមបណ្ឌិតបានសម្ដែងការស្វាគមន៍ប្រកបដោយភាពកក់ក្ដៅដល់សមភាគីអ៊ុយក្រែន ដែលបានអញ្ជើញជួបពិភាក្សាដោយផ្ទាល់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវិនិយោគទ្វេភាគី ព្រមទាំងស្វែងយល់ពីវិស័យសក្តានុពលសម្រាប់ការវិនិយោគនៅប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា បានជម្រាបជូន ឯកឧត្តម Taras Kachka អំពីភាពបើកចំហរនៃទីផ្សារវិនិយោគនៅកម្ពុជា ដោយវិនិយោគិនបរទេសរួមទាំងអ៊ុយក្រែន អាចវិនិយោគលើគ្រប់វិស័យ ដោយទទួលបានការធានា ការការពារ និងការលើកទឹកចិត្តយ៉ាងសន្ធឹកសន្ធាប់ដូចមានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនិងបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា។ ឯកឧត្តមក៏បានសង្កត់បញ្ជាក់ទៅគណៈប្រតិភូអ៊ុយក្រែនថាទន្ទឹមនឹងលក្ខខណ្ឌគតិយុត្តដែលមានលក្ខណៈអំណោយផលសម្រាប់ការវិនិយោគ កម្ពុជាដែលមានប្រជាជនប្រមាណជិត ១៧លាននាក់ អាចជាមូលដ្ឋានផលិតកម្មប្រកបដោយទំនុកចិត្តរបស់វិនិយោគិនអ៊ុយក្រែនដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាព និងទីផ្សារធំទូលាយ។ ជាក់ស្តែងផលិតផលដែលផលិតនៅកម្ពុជាអាចនាំចេញទៅទីផ្សារនៃមហាអនុតំបន់ទន្លេមេគង្គ ដែលមានប្រជាជនប្រមាណ ៣៣០ លាននាក់ ទីផ្សារអាស៊ានដែលមានប្រជាជនប្រមាណ ៦៧១ លាននាក់ ទីផ្សារ RCEP ដែលមានប្រជាជនរហូតដល់ ២,៣ ពាន់លាននាក់ និងទីផ្សារអឺរ៉ុប ទីផ្សារសហរដ្ឋអាមេរិកជាដើម។ ឯកឧត្តម Taras Kachka បានសម្ដែងនូវការសាទរចំពោះព័ត៌មានដ៏ប្រពៃនេះនិងបានគូសបញ្ជាក់ផងដែរថា ប្រទេសអ៊ុយក្រែន ជាប្រទេសដែលមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងវិស័យបច្ចេកវិទ្យាកសិកម្ម ជាពិសេស ជី និងចំណីសត្វ ព្រមទាំងជាប្រទេសដែលត្រូវបានគេទទួលស្គាល់ទៅលើការផ្តួចផ្តើមវិស័យបច្ចេកវិទ្យាព័ត៌មាន (IT Initiatives)។