លទ្ធផលសង្ខេបពី កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី ៤៩ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៧-១១ ខែកញ្ញា ឆ្នាំ២០១៧


ទីក្រុងប៉ាសៃ ប្រទេសហ្វីលីពីន៖ សម្រាប់ចូលរួមប្រជុំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី៤៩ នៅទីក្រុងប៉ាសៃ ប្រទេសហ្វីលីពីន ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូកម្ពុជា ដែលរួមមានតំណាងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមក្នុងកិច្ចប្រជុំទាំងនោះ ដែលមានទាំងកិច្ចប្រជុំជាមួយនឹងដៃគូពិភាក្សារបស់អាស៊ានផងដែរ រួមមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន សាធារណៈរដ្ឋកូរ៉េ នូវែលហ្សេឡង់ រុស្សី និងសហរដ្ឋអាមេរិក។
លទ្ធផលសង្ខេបនៃកិច្ចប្រជុំខាងលើ មានដូចតទៅ៖
• កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៤៩ (49th ASEAN Economic Ministers Meeting (AEM))៖ មកទល់ពេលនេះ ការលប់ចោលពន្ធគយក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មលើទំនិញ បានសំដែងឲ្យឃើញថា ប្រទេសប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ (ASEAN 6) បានលប់ចោល ៩៩,២% នៃបន្ទាត់ពន្ធគយ។ ដោយឡែកកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) បាន់លប់បំបាត់នូវ ៩០,៩% នៃបន្ទាត់ពន្ធគយសរុប។ គិតជាមធ្យម ៩៦,០១% នៃបន្ទាត់ពន្ធគយសរុប ត្រូវបានលប់បំបាត់រវាងប្រទេសជាសមាជិកអាស៊ាន។
• កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកាណាដា រួមបញ្ចូលកិច្ចពិភាក្សាក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា (6th AEM-Canada Consultations including Dialogue with Canada – ASEAN Business Council (CABC))៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ស្វាគមន៍ចំពោះការបញ្ចប់នូវការសិក្សាបឋមរួម ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា។ ក្រៅពីនោះផងដែរ រដ្ឋមន្ត្រីអាស៊ាន ក៏បានកត់សម្គាល់វឌ្ឍនភាពនៃការអនុវត្តផែនការ ២០១៦-២០២០ ក្នុងការអនុវត្តសេចក្ដីប្រកាសរួមស្ដីពីពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-កាណាដា ដែលមានគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងគាំទ្រដល់កិច្ចផ្ដួចផ្ដើមផ្សេងៗ ដោយវិស័យឯកជន។
• កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លើកទី១៦ (16th AEM-MOFCOM (China) Consultations)៖ ពាណិជ្ជកម្មលើទំនិញរវាងអាស៊ាន និងចិន មានតំលៃ ៣៦៨ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៦ ស្មើនឹង ១៦,៥% នៃទំហំពាណិជ្ជកម្មលើទំនិញសរុប របស់អាស៊ាន។ លំហូរវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ពីប្រទេសចិនមកអាស៊ាន មានតំលៃ ៩,២ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៦ ស្មើនឹង ៩,៥% នៃលំហូរសរុប របស់អាស៊ាន។
• កិច្ចពិភាក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសាធារណរដ្ឋកូរ៉េ រួមបញ្ចូលកិច្ចពិភាក្សាក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កូរ៉េ លើកទី១៤ (14th AEM-ROK Consultations including Dialogue with ASEAN-Korea Business Council (AKBC))៖ រដ្ឋមន្ត្រីអាស៊ានកត់សម្គាល់ថា ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ ចូលជាធរមាន នៅឆ្នាំ២០០៧ ពាណិជ្ជកម្មទ្វេភាគីអាស៊ាន-កូរ៉េ បានកើនឡើងប្រមាណ ៩២,៣% ឬ ១១៨,៨៤ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៦ ធៀបនឹង ៦១,៨១ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០០៦។ លំហូរវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ពីប្រទេសកូរ៉េមកអាស៊ាន មានតំលៃជាមធ្យម ៦ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ (២០០៧-២០១៦) ស្មើនឹងកំណើន ៥,៤ ដងបើធៀបនឹងលំហូរក្នុងរយៈពេល ១០ ឆ្នាំមុន (១៩៩៧-២០០៦)។ រដ្ឋមន្ត្រីអាស៊ាន បានកត់សម្គាល់វឌ្ឍនភាពក្នុងការអនុវត្តវិធីសារទី៣ ក្នុងការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មលើទំនិញអាស៊ាន-កូរ៉េ។
• កិច្ចពិភាក្សារដ្ឋមន្ត្រីអាស៊ាន និងហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន លើកទី២ (2nd AEM-Hong Kong, China Consultations)៖ ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើទំនិញអាស៊ាន-ហុងកុង (AHKFTA) និងកិច្ចព្រមព្រៀងវិនិយោគ (AHKIA) ត្រូវបានបញ្ចប់ ដើម្បីពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍក្នុងតំបន់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏មានមួយជំពូកស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ដែលនឹងមានផលប្រយោជន៍ដល់កម្ពុជា ដែលជាប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងអាស៊ាន។
• កិច្ចពិភាក្សារដ្ឋមន្ត្រីអាស៊ាន និងសហរដ្ឋអាមេរិក (The AEM-USTR (ASEAN-U.S.) Consultations)៖ ការធ្វើពាណិជ្ជកម្មលើទំនិញទ្វេភាគី បានកើនឡើងដល់ ២១១,៨ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៦ ស្មើនឹង ៩,៥% នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន នាំឲ្យសហរដ្ឋអាមេរិកក្លាយជាដៃគូពាណិជ្ជកម្មធំទីបី របស់អាស៊ាន។ លំហូរវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ពីសហរដ្ឋអាមេរិក មានតំលៃ ១១,៧ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៦ (អាមេរិកជាប់លំដាប់ថ្នាក់ទីបី)។
• កិច្ចពិភាក្សារដ្ឋមន្ត្រីអាស៊ាន និងអូស្ត្រាលី និងនូវែលហ្សេឡង់លើកទី២២ (22nd AEM – CER (ASEAN-Australia-New Zealand) Consultations)៖ អូស្ត្រាលីជាដៃគូពាណិជ្ជកម្មធំទី៧ របស់អាស៊ានតាំងពីឆ្នាំ២០១៥។ ទំហំពាណិជ្ជកម្មរវាងអាស៊ាន-អូស្ត្រាលីគឺ ៥២,៨ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៦ ចំណែកឯទំហំពាណិជ្ជកម្មអាស៊ាន-នូវែលហ្សេឡង់វិញ មានប្រមាណ ៧,៩ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៦។ ក្នុងឆ្នាំ២០១៦ ផងដែរ លំហូរវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ពីអូស្ត្រាលី មានតំលៃ ៣,៤ ប៊ីលានដុល្លារអាមេរិក និងពីនូវែលហ្សេឡង់ មានតំលៃ ១,២ ប៊ីលាន។
• កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកំពូលអាស៊ីបូព៌ាលើកទី៥ (5th East Asia Summit (EAS) (ASEAN-Australia-China-India-Japan-New Zealand-Korea-Russia-U.S.) Economic Ministers Meeting)៖ រដ្ឋមន្ត្រីទាំងអស់កត់សម្គាល់សារៈប្រយោជន៍នៃការបើកទូលាយ តម្លាភាព និងស្របតាមគោលការណ៍អង្គការពាណិជ្ជកម្មពិភពលោក របស់កិច្ចព្រមព្រៀងទាំងទ្វេភាគី ថ្នាក់តំបន់ និងពហុភាគី ដោយរដ្ឋមន្ត្រីទាំងអស់មានការតាំងចិត្តក្នុងការរួមសហការគ្នា ដើម្បីទទួលបានផលក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោកលើកទី១១ នៅក្នុងពេលខាងមុខ។
• កិច្ចពិភាក្សារដ្ឋមន្ត្រីអាស៊ាន និងរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លើកទី២៣ (23rd AEM – METI Consultation (ASEAN-Japan))៖ ការធ្វើពាណិជ្ជកម្មលើទំនិញទ្វេភាគី បានកើនឡើងដល់ ២០១,៩ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៦ ស្មើនឹង ៩,០% នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន នាំឲ្យជប៉ុនក្លាយជាដៃគូពាណិជ្ជកម្មធំទីបបួន របស់អាស៊ាន។ លំហូរវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ពីប្រទេសជប៉ុន មានតំលៃ ១៤,០ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៦ ស្មើនឹង ១៤,៥% នៃលំហំសរុបចូលមកអាស៊ាន (អាមេរិកជាប់លំដាប់ថ្នាក់ទីពីរ)។
• ការចុះហត្ថលេខាលើឯកសារពីរ ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៩៖ ក្នុងគោលបំណងបង្រឹងចំណងសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ឯកឧត្តម ប៉ាន សូរស័ក្ដិ ក្រោមការប្រទានសិទ្ធិដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើឯកសារសំខាន់ៗពីរ រួមមាន៖ (១) ការទទួលស្គាល់ទៅវិញទៅមកក្នុងវិស័យ លើប្រព័ន្ធពិនិត្យ និងបញ្ជាក់ស្ដីពីអនាម័យចំណីអាហារ សម្រាប់ប្រើប្រាស់ក្នុងផលិតផលចំណីអាហារ (ASEAN Sectorial Mutual Recognition Arrangement for Inspection and Certification Systems on Food Hygiene for Prepared Foodstuff Products) និង (២) ពិធីសារលើកទីបី ស្ដីពីវិសោធនកម្មកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយលើការវិនិយោគ (Third Protocol to Amendment the ASEAN Comprehensive on Investment Agreement (ACIA))។
• កិច្ចប្រជុំទ្វេភាគីជាមួយប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (Bilateral Meeting with the U.S.-ASEAN Business Council Delegates)៖ ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ គណប្រតិភូកម្ពុជា ក៏បានជួបប្រជុំទ្វេភាគីជាមួយនឹងប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិក និងការទូទាត់តាមអេឡិកត្រូនិក។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងពីកំណើននៃអ្នកប្រើប្រាស់អ៊ីនធើណែតនៅកម្ពុជា ដែលបានកើនឡើងពី ១,៧ លាននៅឆ្នាំ២០១១ ដល់ ៧,១៦ លាននាក់នៅឆ្នាំ២០១៦។ ឯកឧត្តម បានអំពាវនាវឲ្យក្រុមហ៊ុនអាមេរិកមកវិនិយោគក្នុងប្រទេសកម្ពុជា លើវិស័យនេះ។ ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូអាមេរិក ទទួលស្គាល់ថាហេដ្ឋរចនាសមព្ព័ន្ធព័ត៌មានវិទ្យា និងក្របខណ្ឌច្បាប់ នៅមិនទាន់ពេញលេញនៅឡើយ តែទោះជាយ៉ាងណា ឯកឧត្តមមានសុទិដ្ឋិនិយមខ្ពស់ចំពោះវិស័យពាណិជ្ជកម្មតាមអេឡិកត្រូនិកនេះ។ ប្រតិភូអាមេរិក បានសំដែងនូវចំណាប់អារម្មណ៍ខ្ពស់ក្នុងការប្រកបធុរកិច្ចនៅកម្ពុជា ហើយបានយល់ព្រមក្នុងការសហការជាមួយនឹងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដោះស្រាយបញ្ហាប្រឈម និងពង្រឹងបរិយាកាសពាណិជ្ជកម្មតាមអេឡិកត្រូនិក នៅកម្ពុជា។