ទិវាសត្វត្មាតអន្តរជាតិនៅខេត្តស្ទឹងត្រែង ជំរុញយុវជនស្រឡាញ់បរិស្ថាន និងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ


ក្រុមយុវជនជាង២០នាក់ មកពីក្រសួងបរិស្ថាន សហភាពសព័ន្ឋយុវជនកម្ពុជា រួមជាមួយសិល្បករ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមអបអរសាទរទិវាសត្វត្មាតអន្តរជាតិ រៀបចំឡើងកាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៧ នៅដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ លោកជំទាវ ងិន លីណា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ ដំណើការជាមួយនឹងទស្សនកិច្ចសិក្សាយុវជនបរិស្ថាន ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហភាពសហព័ន្ឋយុវជន នៃក្រសួងបរិស្ថាន និងអង្គការជីវិតសត្វស្លាបអន្តរជាតិ BirdLife ព្រមទាំងអាជ្ញាធរខេត្តស្ទឹងត្រែងផងដែរ។ លោកជំទាវបានលើកឡើងដែរថា ការប្រារព្ឋទិវាត្មាតអន្តរជាតិនាពេលនេះ ពិតជាមានសារៈសំខាន់ ដើម្បីប្រញ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជា ហើយជំរុញការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសប្រភេទសត្វស្លាបជិតផុតពូជនៅកម្ពុជា។
លោក ទី ស្រ៊ុន អ្នកសម្របសម្រួលគម្រោងអង្គការBirdLifeអន្តរជាតិ បានលើកឡើងថា ទិវាសត្វត្មាតអន្តរជាតិ រៀបចំឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី០២ ខែកញ្ញា ដើម្បីពង្រឹងការការពារសត្វត្មាត ប្រភេទសត្វជិតផុតពូជខ្លាំងនៅកម្ពុជា ក៏ដូចជានៅលើពិភពលោក។ ចំនួនរបស់វានាឆ្នាំនេះ ត្រូវបានគេកត់ត្រា ចំនួនដ៏ទាបបំផុតនៅក្នុងកំណត់ត្រាចាប់តាំងពីឆ្នាំ ២០០៣មក។ ត្មាតគឺជាសត្វដ៏ សំខាន់ និងដើរតួនាទីក្នុងការសំអាតបរិស្ថាន គ្រប់គ្រងការរីករាលដាលនៃជំងឺ និងមេរោគ។ សត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានចំនួន៣ប្រភេទ រួមមាន ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានចំនួន ៣ប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ ប្រភេទសត្វត្មាត ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅ លើពិភពលោក។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម សូ ខនឬទ្ឋិគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្រ្តីក្រសួងបរិស្ថាន សហការជាមួយអង្គការជីវិតសត្វស្លាបអន្តរជាតិ ក្នុងការការពារ និងអភិរក្សជីវៈចម្រុះជារួម ជាពិសេសតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច ដែលជាតំបន់ជីវៈចម្រុះ និងជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ល្អ។
ឯកឧត្តម បានជំរុញឲ្យឧទ្យានុរក្ស បន្តសហការជាមួយអង្គការជីវិតសត្វស្លាបអន្តរជាតិ និងអាជ្ញាធរមូលដ្ឋាន ពង្រឹងការការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃ ជាពិសេសសកម្មភាពអភិរក្សសត្វត្មាត ដែលជាប្រភេទសត្វស្លាបដ៏កម្រ និងមានតួនាទីយ៉ាងសំខាន់ ក្នុងរក្សានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ ជាមួយគ្នានេះដែរ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញជំហរគាំទ្រឲ្យអ្នកពាក់ព័ន្ធទាំងអស់ រៀបចំនិងប្រែក្លាយតំបន់នេះ ឲ្យទៅជាគោលដៅទេសចរណ៍ធម្មជាតិ និងជីវ:ចម្រុះផងដែរ ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋ តាមរយៈវិស័យទេសចរណ៍ និងការទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ។
យោងតាមការបញ្ជាក់ពីលោក Jonathan Eames ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការBirdLifeអន្តរជាតិនៅឆ្នាំនេះ ស្ថានភាពសត្វត្មាតស្ថិតក្នុងការព្រួយបារម្ភបំផុត ព្រោះចំនួនសត្វត្មាតមានការថយចុះជារៀងរាល់ឆ្នាំ ហើយកន្លងទៅនេះការធ្វើជំរឿនទូទាំងប្រទេស មានត្មាតសរុបចំនួនជាង៤០០ក្បាល ហើយយើងអាចឃើញពីចំនួនសត្វត្មាតភាគច្រើនមាននៅតែ តំបន់ដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិចពីព្រោះជាតំបន់អាហារដ្ឋានត្មាតធំជាងគេ និងសំខាន់បំផុតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងជាតំបន់ដ៏សំខាន់បំផុតតែមួយគត់សម្រាប់ប្រភេទត្មាតត្នោត។ លោក បានចាត់ទុកថាការបំពុល, ការបំផ្លាញទីជម្រក និងការរំខាន ជាមូលហេតុចំបងអាចធ្វើឲ្យចំនួនសត្វត្មាតមានការថយចុះ។
សូមបញ្ជាក់ដែរថា ការប្រារព្ឋទិវាសត្វត្មាតអន្តរជាតិ យុវជនជនមានឧកាសចូលរួមពិនិត្យមើលសកម្មភាពនានារបស់ឧទ្យានុរក្ស ក្នុងការការពារ និងការអភិរក្សធនធានធម្មជាតិ និងបានទស្សនាគម្រោងអាហាដ្ឋានសម្រាប់សត្វត្មាត របស់អង្គការBirdLifeអន្តរជាតិ ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងផងដែរ៕