បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២១ ពីតាខ្មៅទៅព្រំដែនវៀតណាម


Road 21 03 16 2 copy

     ផ្លូវ​ជាតិ​លេខ​២១ លាត​សន្ធឹង​ពី​ក្រុង​តា​ខ្មៅ​បន្ត​ទៅ​ព្រំ​ដែន​ជ្រៃ​ធំ ​ជាប់​ប្រ​ទេស​វៀត​ណាម បាន​បើក​ការ​ដ្ឋាន​ជួស​ជុល​ សាង​សង់ ​និង​ពង្រីក​ថែម​ទៀត ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​​មីនា ក្រោម​អធីបតី​ភាព​ សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​។

     ផ្លូវ​ជាតិ​លេខ​២១ ប្រ​វែង ​៦៣​គីឡូ​ម៉ែត្រ​ គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ខែ​តុលា​ ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ ក្រោម​ការ​ចំណាយ​ប្រាក់​ ៦១​លាន ​៦​សែន​ ដុល្លារ​អាមេរិក​ ។ រដ្ឋ​មន្ត្រី្ក​ក្រ​សួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន ​ឯក​ឧត្តម ​ត្រាំ អ៊ីវតឹក បាន​ថ្លែងថា គំរោង​ចំណាយ​ថវិកា​កសាង​ជួស​ជុល​ផ្លូវ​ជាតិ​លេខ​ ២១​នេះ គឺ​កម្ចី​ឥណ​ទាន​កូរ៉េ​ខាង​ត្បូង​ តម្លៃ​ ៥២,៥៤​លាន​ដុល្លារ បូក​រួម​នឹង​ថវិកា​បដិ​ភាគ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ចំនួន ​៩,០៦​លាន​ដុល្លារ ​។ គម្រោង​នេះ​ត្រួត​ពិនិត្យ​ដោយ ទី​ប្រឹក្សា​បច្ចេក​ទេស​ក្រុម​ហ៊ុន​អន្តរ​ជាតិ​កូរ៉េ DASAN Consultants Co. Ltd. និង​សាង​សង់​ដោយ​ក្រុម​ហ៊ុន​កូរ៉េ Hanshine E&C C0, Ltd.។

     ផ្លូវ​ជាតិ​លេខ​២១ គឺ​ជា​ផ្លូវ​ជាតិ​មួយ​ដែល​មាន​ចម្ងាយ​ជិត​ជាង​គេ ​ក្នុង​ដំណើរ​ពី​ភ្នំពេញ​ទៅ​ប្រ​ទេស​វៀត​ណាម​ ។ ផ្លូវ​នេះ​កន្លង​មក​មាន​លក្ខណៈ​តូច​ចង្អៀត ​មាន​ទទឹង​ប្រ​វែង​តែ​ ៧​ម៉ែត្រ ប៉ុណ្ណោះ ជា​ហេតុ​នាំ​ឱ្យ​​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ចរា​ចរណ៍​ ក្នុង​ស្ថាន​ភាព​ដែល​កម្ពុជា​កំពុង​វិវត្តន៍​ក្នុង​របត់​អាស៊ាន​ ដែល​តម្រូវ​ឱ្យ​មាន​ការ​ធ្វើ​គមនាគមន៍​ត ភ្ជាប់​រវាង​ប្រ​ទេស​ទាំង​១០ ​នៅ​អាស៊ាន​ ។

     សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា ​ជា​មួយ​នឹង​ការ​កសាង​ផ្លូវ​ជាតិ​លេខ​២១​ នេះ​ផង​ដែរ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ កំពុង​ពិនិត្យ​ការ​បំពេញ​សំណង់​អភិវឌ្ឍន៍​ជា​ច្រើន​ទៀត ​ដូច​ជា​ស្ពាន​ជ្រៃ​ធំ​ប្រវែង​ ៤២៧​ម៉ែត្រ ក្នុង​ស្រុក​កោះ​ធំ​ខេត្ត​កណ្តាល​ ដែល​ជា​ហិរញ្ញប្ប​ទាន​របស់​ប្រ​ទេស​ចិន​… ផ្លូវ​ត​ភ្ជាប់​ប្រ​វែង​ជិត​ ៣​គីឡូ​ម៉ែត្រ ​ដែល​កំពុង​សាង​សង់​ដោយ​ហិរញ្ញប្ប​ទាន​ពី​រដ្ឋា​ភិបាល​ប្រ​ទេស​វៀត​ណាម ដែល​សំណង់​ការ​ដ្ឋាន​ទាំង​នេះ ក៏​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ចុង​ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ​ផង​ដែរ​ ។

Road 21 03 16 3 copy  Road 21 03 16 4 copy

Road 21 03 16 5 copy  Road 21 03 16 6 copy