គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាពវេលាម៉ោង១២៖២៦នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដោយរោគគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ។
តាមរយៈសារលិខិតគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា រៀបរាប់យ៉ាងដូច្នេះថា៖ «សូមសម្តែងនូវទុក្ខក្រៀមក្រំប្រកបដោយក្តីក្តុកក្តួលបំផុតដោយឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ១២:២៦នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ»។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ និងគុណបំណាច់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ជាឥស្សរជនដ៏ឆ្នើម ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា ជាពិសេសបានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម សុវត្ថិភាពប្រជាជន និងសង្គមជាតិកន្លងមក។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ បានទៅកាន់សុគតិភពកុំបីខានឡើយ៕