នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី អែម សុធារ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង។
ក្នុងឱកាសអញ្ជើញជាអធិបតី ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយ និងអបអរសាទរដល់លោកស្រីប្រធានមន្ទីរថ្មី ដែលកាន់តំណែងជាប្រធានមន្ទីរកសិកម្មស្រ្តីទី១ ក្នុងប្រវត្តិសាស្ត្រកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តកោះកុង ក្រោមការដឹកនាំរបស់លោកស្រី ភូថង មិថុនា អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដែលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងជួយដល់ការអភិវឌ្ឍវិស័យផ្សេងៗទៀត ជាពិសេសវិស័យកសិកម្ម។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាស្ថេរភាពថ្លៃកសិផល សម្រាប់ប្រជាកសិករ និងអ្នកប្រើប្រាស់ ដោយពិនិត្យច្បាស់លាស់ពីតម្រូវការ និងការផ្គត់ផ្គង់ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលជាជំនួយការតាមដានបច្ចេកទេសរបស់ប្រជាកសិករ និងរាយការណ៍បញ្ហាប្រឈមទាន់ពេលវេលា និងការកសាងសហគមន៍កសិកម្មទំនើប ដែលមានភាពទំនើបកម្មការងារ អាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ ទទួលបានកម្ចីដើមទុនការប្រាក់ទាប អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ មានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម វិនិយោគទទួលបានប្រាក់ចំនេញ និងមានហានិភ័យទាបនៃការប្រែប្រួលអាកាសធាតុ។
នៅចំពោះមុខអង្គពិធី លោកបានថ្លែងបញ្ជាក់បន្ថែមអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្ម ក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រើ មានបាន និងមានរហូត ដែលលោកស្រីប្រធានមន្ទីរកសិកម្មខេត្តកោះកុង ត្រូវយកចិត្តទុកដាក់ពីដំណាក់កាលនីមួយៗឱ្យបានស៊ីជម្រៅគ្រប់អនុវិស័យ និងកំណត់អាទិភាពឱ្យចំគោលដៅ ដោយអនុវត្តស្របតាមកម្មវិធីគោលនយោបាយនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោះស្រាយបញ្ហាប្រឈមនានាចំគោលដៅ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម ឌិត ទីណា បានផ្តល់អនុសាសន៍ដល់លោកស្រីប្រធានមន្ទីរ ត្រូវបង្ហាញនូវចំណេះជំនាញចូលរួមក្នុងវិស័យកសិកម្ម ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាកសិករគ្រប់អនុវិស័យ បែងចែកតួនាទីភារកិច្ចរបស់មន្រ្តីក្រោមឱវាទឱ្យយល់ពីទិសដៅការងារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយសហការជាមួយអាជ្ញាធរខេត្ត និងសហការជាមួយវិស័យផ្សេងៗទៀតឱ្យកាន់តែល្អប្រសើរ ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងមានភាពឆ្លាតវៃក្នុងការដឹកនាំ។
សម្រាប់ការងារនយោបាយ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍លើកទឹកចិត្តឱ្យចូលរួមយ៉ាងសកម្ម និងលើកឡើងពីសមិទ្ធផលនានាដែលរដ្ឋាភិបាលសម្រេចបាន ជាពិសេសត្រូវមានការពន្យល់បកស្រាយនូវភាពមិនប្រក្រតីក្នុងករណីណាមួយ និងត្រូវតបតរនឹងការវាយប្រហារនានាពីជនខិលខូច ដោយត្រូវមានភស្តុតាងច្បាស់លាស់ ជាក់ស្តែង និងឆ្លើយតបឱ្យចំគោលដៅ។
ជាទីបញ្ចប់នៃអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់លោកស្រីប្រធានមន្ទីរថ្មី អនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ និងជូនពរដល់អង្គពិធី ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងទទួលបានលទ្ធផលល្អថ្មីៗបន្ថែមទៀតសម្រាប់មុខមាត់ខេត្តកោះកុង ក្រោមម្លប់សុខសន្តិភាព៕