មន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ប្រមាណ ១៧៨នាក់ទទួលអំណោយ ពីឯកឧត្តម ម៉ៅ ធនិន


មន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ ប្រមាណ ១៧៨នាក់ ក្នុងនោះស្រី ៥៧នាក់ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានទទួលអំណោយ ពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីសម្តែងនូវទឹកចិត្តគោរពស្រឡាញ់គ្នា ដូចជាគ្រួសារតែមួយ និងដើម្បីយើងទាំងអស់គ្នាជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដែលជាបុណ្យប្រពៃណីខ្មែរយើង នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណមកម្ល៉េះ។

ឯកឧត្តមបានសម្តែងនូវការកោតសរសើរ ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលកំពុងបម្រើការងារនៅក្នុងសាលាខេត្ត ហើយដែលបានខិតខំប្រឹងប្រែងបម្រើការងារ ទៅតាមតួនាទីភារៈកិច្ច ជូនសង្គមជាតិ និងជាសេនាធិការឲ្យថ្នាក់ដឹកនាំ ទាំងក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ទទួលបានលទ្ធផលល្អប្រសើរ។…

ដោយសម្តែងនូវទឹកចិត្តគោរពស្រឡាញ់គ្នា ដូចជាគ្រួសារតែមួយ និងដើម្បីយើងទាំងអស់គ្នាជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីខ្មែរ ជាលើកទី៣នេះ ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី បានរៀបចំនូវអំណោយ ជូនដល់មន្រ្តីរាជការប្រមាណ ១៧៨នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករដំណើប ៥គីឡូក្រាម, សណ្តែកបាយ ២គីឡូក្រាម, តាំងហ៊ុន ២គីឡូក្រាម និងថវិកា ១០ម៉ឺនរៀល។ ដោយឡែកមន្ត្រីរាជការជានារីប្រមាណ ៥៧នាក់ ត្រូវបានទទួលក្រណាត់អាវប៉ាក់ បន្ថែមម្នាក់១ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវទឹកចិត្តអាណិតអាសូរក្រៃលែង តាមរយៈការចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលទូរស័ព្ទ និងចូលមកដល់សាលាខេត្តដោយផ្ទាល់ និងបន្តជូនស្បៀង សម្រាប់ដោះស្រាយជាបឋមទៅដល់ពួកគាត់ ទៅតាមលទ្ធភាពជាក់ស្តែង៕