កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកម្មសិទ្ធិបញ្ញា ដែលនឹងជួយជម្រុញកំណើនវិនិយោគបន្ថែមមកកាន់កម្ពុជា


(ប៉េកាំង)៖ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅទីក្រុងបេកាំង នៃសាធាណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០១៧ គណៈប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានអញ្ជើញពិនិត្យ និងសិក្សាស្វែងយល់ពីវិស័យកម្មសិទ្ធិបញ្ញា និងបានជួបពិភាក្សាការងារជាមួយភាគីចិន ព្រមទាំងបាន
ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបតិ្តការទេ្វភាគីអំពីកម្មសិទ្ធិបញ្ញា រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម (MIH) នៃព្រះរាជាណាចក្រកម្ពុជា​ និងអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋ (SIPO) នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងដំណើរទស្សនកិច្ចនេះ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទទួលការស្វាគមន៍ពីថ្នាក់ដឹកនាំអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋចិន ក្នុងដំណើរទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញា និងអង្គភាពកម្មសិទ្ធិបញ្ញារដ្ឋចិន​ ដើម្បីពិនិត្យ និងស្វែងយល់ពីសកម្មភាពអនុវត្ត និងការរីកចំរើននៃកម្មសិទ្ធិបញ្ញានៅក្នុងសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានពិនិត្យមើលលើស្នាដៃនៃការបង្កើតបច្ចេកវិទ្យាថ្មីៗ ដែលបានតំកល់ទុកនៅក្នុង SIPO គ្រប់ជំនាន់​ ​ដើម្បីជាមូលដ្ឋានក្នុងការទាញយកនូវបទពិសោធន៍ និងចំនេះដឹងដែលមានប្រយោជន៍ មកអនុវត្តក្នុងវិស័យកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា ឲមានការរីកចំរើន។​ បន្ទាប់ពីដំណើរទស្សនកិច្ច ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំទ្វេភាគី ជាមួយឯកឧត្តមរដ្ឋមន្រ្តីរដ្ឋបាលកម្មសិទ្ធិបញ្ញារដ្ឋចិន Shen Changyu​ លើកិច្ចសហប្រតិបតិ្តការកម្មសិទ្ធិបញ្ញារវាង MIH និង​ SIPO។ ក្នុងជំនួបនៃកិច្ច​ប្រជុំនេះ ភាគីចិនក៏បានលើកយកពីទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា​ និងសាធារណរដ្ឋចិន លើគ្រប់វិស័យតាំងពីយូរលង់ណាស់មកហើយ ព្រមទាំងបានរៀបរាប់អំពីដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តីកាលពីខែឧសភា ឆ្នាំ២០១៧ អំពីការរឹតបណ្តឹងចំណងមិត្តភាពរវាងប្រទេសដែលនៅក្រោមផ្លូវមួយ ខ្សែ​ក្រវ៉ាត់មួយ។ ភាគីទាំង២ ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី កិច្ចសហប្រតិបតិ្តការទេ្វភាគីអំពីកម្មសិទ្ធិបញា។ គោលបំណងនៃការចុះ MOU នេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើកិច្ចការពារកម្មសិទ្ធិបញ្ញានៃប្រទេសទាំងពីរ បើកផ្លូវឲវិនិយោគិនចិននាំយកបច្ចេលវិទ្យាថ្មីៗទៅការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា និងទៅធ្វើវិនិយោគនៅកម្ពុជាឲកាន់តែច្រើន ពីព្រោះប្រទេសកម្ពុជា ជាប្រទេសLDC ដែលទទួលបានការអនុគ្រោះពន្ធនាំចេញទំនិញទៅបណ្តាលប្រទេសជាច្រើននៅក្នុងពិភពលោក នេះជាឱកាសដែលអ្នកវិនិយោគគិនពីប្រទេសដែលបានរកឃើញ និងអភិវឌ្ឍនូវបច្ចេកវិជ្ជាថ្មីៗ នឹងយកបច្ចលវិទ្យាទាំងនោះទៅការពារកម្មសិទ្ធិបញ្ញា និងធ្វើការផលិតនាំចេញផលិតផល និងទំនិញ
ទាំងនោះទៅកាន់ទីផ្សារអន្តរជាតិទៀតផង។ មិនតែប៉ុណ្ណោះតាមរយៈការចុះ MOUនេះកម្ពុជានឹងទទួលបានការជួយបណ្តុះបណ្តាលមន្ត្រីជំនាញពាក់ព័ន្ធកម្មសិទ្ធិបញ្ញាឲ្យមានចំណេះដឹងនិងបទពិសោធន៍ក្នុងកិច្ចដំណើរត្រួតពិនិត្យ
ប្រកាសនីយបត្រតក្កកម្ម និងកិច្ចការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជាដោយការបញ្ជូនអ្នកជំនាញរបស់ SIPO មកធ្វើការបណ្តុះបណ្តាលមន្ត្រីនៅក្នុងប្រទេស និងបញ្ជូនមន្រ្តីទៅបណ្តុះបណ្តាលនៅប្រទេសចិន។

​នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានដឹកនាំគណៈប្រតិភូ ទៅធ្វើទស្សនកិច្ចនៅ Local IP Institutes ដែលបានទទួលស្វាគមន៍ដោយ លោក Wang Hong ជាប្រធានគ្រប់គ្រងនៃវិទ្យាស្ថាននេះ។ គោលបំណងគឺដើម្បីស្វែងយល់ពីដំណើរការគ្រប់គ្រង និងការវិវឌ្ឍន៍នៃបច្ចេកវិទ្យា និងសមិទ្ធផលដែលវិទ្យាស្ថានសម្រេចបានកន្លងមក។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានកោតសរសើរយ៉ាងខ្ពស់ អំពីការគ្រប់គ្រងការអនុវត្តការផលិតនូវបច្ចេកវិទ្យាថ្មីៗ សម្រាប់បម្រើផលប្រយោជន៍ក្នុងប្រទេសចិន ​បច្ចុប្បន្ន។ បន្ទាប់ពីដំណើរទស្សនកិច្ចនៅវិទ្យាស្ថាននេះ ឯកឧត្តមទេសរដ្ឋមន្រ្តី អមដោយគណៈប្រតិភូ បានចូលជួបសវនការជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី Wang Yong​ ទទួលបន្ទុកកិច្ចការទ្រព្យសម្បត្តិរដ្ឋ និងកម្មសិទ្ធិបញ្ញា ដើម្បីពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរ និងធ្វើកិច្ចសហប្រតិបត្តិការលើកិច្ចការពារកម្មសិទ្ធិបញ្ញាឲ្យកាន់តែសីុជម្រៅថែមទៀត។ ក្នុងជំនួបពិភាក្សានោះឯកឧត្តម Wang Yong​ បានអបអរសាទរ និងកោតសរសើរនូវគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញានៃការទទួលស្គាល់ប្រកាសនីយបត្រចិនលើកទីមួយនៅក្នុងប្រទេសចិន ហើយនៅថ្ងៃក្រោយនឹងមានប្រទេសជាច្រើនទៀតអាចធ្វើដូចកម្ពុជា ហើយលោកបានបន្ថែមទៀតថាការចុះហត្ថលេខាលើ MOU នេះ កម្ពុជានឹងទទួលបានផលប្រយោជន៍ពីកិច្ចការពារកម្មសិទ្ធិបញ្ញាក្នុងការទាក់ទាញវិនិយោគិនទៅវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។ ឯកឧត្តម Wang Yong​ ក៏បានសន្យាថានឹងជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យកម្មសិទ្ធិបញ្ញា រវាងប្រទេសទាំងពីរ ឲកាន់តែខ្លាំងជាងមុន។ MOU ស្តីពីសហប្រតិបតិ្តការអំពីកម្មសិទិ្ធឧស្សាហកម្មនេះ ជាសញ្ញាមួយដ៏ល្អក្នុងការបន្តពង្រឹងទំនាក់ទំនងកម្ពុជា និងចិនឲ្យកាន់តែរឹងមាំថែមទៀតលើវិស័យកម្មសិទ្ធិបញ្ញា កិច្ចការពារកម្មសិទ្ធិបញ្ញា និងបើកទូលាយបន្ថែមទៀតនូវឱកាសសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច​​ និង​​បង្កើនវិនិយោគបរទេសចូលមក​​ក្នុងប្រទេសដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណចំពោះមិត្តចិនដែលបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតតាំងពីយូលង់ណាស់មកហើយ និងបានពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជារហូតដល់បច្ចុប្បន្ន។

ឯកឧត្តមបានសំណូមពរឲ្យមិត្តចិនជួយជម្រុញវិនិយោគិន
ពីប្រទេសចិនចូលទៅវិនិយោគនៅប្រទេសកម្ពុជាឲ្យបានច្រើនបន្ថែមទៀត និងជួយគាំទ្រឲ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាលស្រាវជ្រាវនូវបច្ចេកវិទ្យាថ្មីៗនៅកម្ពុជាទៀតផង ហើយបានស្នើអញ្ជើញ ឯកឧត្តម Wang Yong​ មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលការខ្វះខាតរបស់អ្នកវិនិយោគចិននៅកម្ពុជា។