ឯកឧត្តមសូ ខនឬទ្ធីគុណ ជួបសំណេះសំណាលជាមួយក្រុមអ្នកជំនាញក្នុងផែនការនាំខ្លាមកកម្ពុជាវិញ


ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានអនុញ្ញាតឱ្យក្រុមជំនាញសត្វខ្លាដែលដឹកនាំដោយអង្គការអភិរក្សសត្វព្រៃWWFបានចូលជួបនិងពិភាក្សាការងារស្តីពីការនាំសត្វខ្លាធំមកប្រទេសកម្ពុជាវិញ។
ឯកឧត្តម បានស្វាគមន៍ចំពោះវត្តមាននៃមន្ត្រីជំនាញខ្លាធំ ដែលបានកំពុងសិក្សាយ៉ាងយកចិត្តទុកដាក់ដើម្បីនាំខ្លាធំមកប្រទេសកម្ពុជាវិញ ហើយការនាំខ្លាធំមកកម្ពុជាវិញនេះ គឺជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល។ ក្នុងជំនួបនេះ លោក សេង ទៀក នាយកអង្គការអភិរក្សសត្វព្រៃ WWF បានណែនាំសមាសភាពក្រុមអ្នកជំនាញសត្វខ្លាដែលភាគច្រើនកំពុងធ្វើការនៅប្រទេសឥណ្ឌា។ ក្រុមអ្នកជំនាញក៏បានលើកឡើងពីកត្តាជោគជ័យសម្រាប់ថែរក្សាសត្វខ្លាធំ ដែលរួមមានដូចជាជម្រក អភិបាលកិច្ចល្អ និងសន្តិសុខសម្រាប់ការរស់នៅក្នុងជម្រកធម្មជាតិជាដើម។
សូមរំលឹកថា ក្រសួងបរិស្ថានបានចាប់ផ្តើមពិភាក្សាជាមួយមន្ត្រីជំនាញក្នុងការនាំសត្វខ្លាមកពីប្រទេសឥណ្ឌាដើម្បីព្រលែងឱ្យរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគីរី។ គិតត្រឹម២០០៧ សត្វខ្លាប្រមាណ១០ទៅ១៥ក្បាលមានវត្តមាននៅក្នុងព្រៃប្រទេសកម្ពជា៕