រដ្ឋមន្ត្រីបរិស្ថានបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៃក្រសួងបរិស្ថានដើម្បីឱ្យឆ្លើយតបទៅនឹងស្ថានភាពសង្គមជាក់ស្តែង


ឯកឧត្តមសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ពេជ្យ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០២ ខែតុលា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ នៃក្រសួងបរិស្ថានដើម្បីបង្កើនសម្ថភាពមន្ត្រីរបស់ក្រសួងបរិស្ថានក្នុងគោលបំណងឆ្លើយតបឱ្យទាន់សភាពការណ៍ដែលកំពុងវិវឌ្ឍឥតឈប់ឈរ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីធ្វើទំនើបកម្មក្រសួងដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្គមជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។ សង្គមដែលបានផ្លាស់ប្តូរជីវភាពប្រជាពលរដ្ឋដោយសារតែស្ថេរភាពនយោបាយជាង២០ឆ្នាំ កំណើនសេដ្ឋកិច្ចប្រមាណ៧%ក្នុងរង្វង់២០ឆ្នាំ និងសេរីភាពសារព័ត៌មានក្នុងសង្គម។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ “ការបណ្តុះបណ្តាលនេះគឺឱ្យធ្វើឱ្យមន្ត្រីស្គាល់តួនាទីភារៈកិច្ចក្នុងក្រសួង និងត្រៀមខ្លួនជាឆ្មាំចាំយាមអាយុជីវិតរបស់ប្រទេសជាតិយ៉ាងមានសិទ្ធភាព”។
ថ្លែងទៅកាន់កម្មវិធីដែលមានអ្នកចូលរួមជាង១០០នាក់ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការបណ្តុះបណ្តាលមន្ត្រីរបស់ក្រសួងបរិស្ថាននេះ មិនមែនមានតែក្នុងស្រុកនោះទេ ការបញ្ជូនទៅសិក្សានៅបរទេសក៏ជាអ្វីដែលក្រសួងបរិស្ថានបានធ្វើរួចមកហើយ និងបន្តប្រឹងប្រែងបន្តទៀតដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាពមន្ត្រីក្រសួងបរិស្ថាន។
មន្ត្រីក្រសួងបរិស្ថានចំនួន៦៥រូបដែលមានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃទំនើបកម្មរបស់ក្រសួងបរិស្ថានដែលបានធ្វើទំនើបកម្មរបស់ខ្លួនយ៉ាងសកម្មក្នុងអាណត្តិទី៥នេះដែលរួមមានការធ្វើកំណែទម្រង់រចនាសម្ព័ន្ធក្នុងក្រសួង កំណែទម្រង់លើការបណ្តុះបណ្តាល និងការលើកទឹកចិត្តជាដើម៕