ឯកឧត្តម វេង សាខុន អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ផលិតកម្មសត្វស្វាក្តាម និងជំងឺស៊ូណូស


នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនិងសហការី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ផលិតកម្មសត្វស្វាក្តាម និងជំងឺស៊ូណូស” ដែលបានរៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វសហការជាមួយក្រុមហ៊ុន Shin Nippon Biomedical Laboratories(SNBL)។ សិក្ខា សាលាមានគោលបំណងគឺធ្វើការសិក្សាស្រាវជ្រាវ ១.ជំងឺស៊ូណូសលើសត្វស្វាក្តាម ២.ការធ្វើជីវសុវត្ថិភាព ៣.ការបង្ការទប់ស្កាត់ ជំងឺ និង៤.លក្ខខណ្ឌ និងបទដ្ឋានបចេ្ចកទេសសម្រាប់ការនាំចេញសត្វស្វាក្តាម ទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។
មានមតិស្វាគមន៍ក្នុងអង្គសិក្ខាសាលា ឯកឧត្តម យន្ត មិន អភិបាលខេត្តព្រះសីហនុ បានរាយការណ៍ជូនអង្គពិធី ជ្រាបពីស្ថានភាពភូមិសាស្រ្ត ការរីកចម្រើនវិស័យទេសចរណ៍ ប្រជាជន សេដ្ឋកិច្ច កសិកម្ម។ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល ដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី បានធ្វើឲ្យខេត្តព្រះសីហនុមានការរីកចម្រើនលើគ្រប់វិស័យ ជីវិភាពរបស់ប្រជាពលរដ្ឋមានការកែប្រែ រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ នេះគឺជាសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន ហើយត្រូវរក្សាឲ្យបាននូវសុខសន្តិភាពនេះ។