រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រជុំផ្សព្វផ្សាយស្ដីពីការចុះតាមដានត្រួតពិនិត្យ និងវាយតំម្លៃលើការអនុវត្តកិច្ចការរបស់មន្ត្រីរាជការ


កំពង់ឆ្នាំង៖ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ នៅសាលាខេត្តកំពង់ឆ្នាំង បានប្រជុំផ្សព្វផ្សាយ ស្ដីពី ការចុះតាមដានត្រួតពិនិត្យ និងវាយតំម្លៃលើការអនុវត្តកិច្ចការរដ្ឋបាលរបស់មន្ត្រីរាជការសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោក ជួន រក្សា អនុប្រធាននាយកកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និង មន្ត្រីរាជការសាលាខេត្តចំនួន១០០នាក់។

នាឱកាសនោះដែរ លោក ជួន រក្សា ប្រធានក្រុមការងារចុះត្រួតពិនិត្យវាយតម្លៃរបស់ក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ការចុះតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការរដ្ឋបាលរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង គឺក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលខេត្តឱ្យកានតែមានប្រសិទ្ធភាព សំដៅលើកកំពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាពិសេសជំរុញការចាត់ចែងអនុវត្តការងារផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធផលខ្ពស់។

លោក លោក ជួន រក្សា បានបន្តថា ការតាមដាន និងវាយតម្លៃ គឺមានពីរផ្នែក។ ផ្នែកទី១ ការបំពេញកម្រងសំណួរ និងផ្នែកទី២ ការសម្ភាសន៍ផ្ទាល់។ ដោយឡែកការសម្ភាសន៍ ក្រុមការងារមិនបានសម្ភាសន៍គ្រប់បុគ្គលិកនោះទេ គឺចុចចំឈ្មោះដោយចៃដន្យ ដោយមិនគិតលើនិន្នាការនយោបាយឡើយ។ លោកក៏បានបញ្ជាក់បន្ថែមផងដែរថា ការបំពេញក្នុងកម្រងសំណួរ និងការសម្ភាសន៍ផ្ទាល់ ដាច់ខាតត្រូវតែបំពេញ និងនិយាយការពិត កុំខ្លាចក្រែង ព្រួយបារម្ភអ្វីឡើយ។

សូមជម្រាបផងដែរថា នៅក្នុងកម្រងសំណួរនោះដែរ តម្រូវឱ្យមន្ត្រីរាជការគ្រប់រូបបំពេញ ផ្ដោតទៅលើការងារគ្រប់គ្រង និងចាត់ចែងកិច្ចការរដ្ឋបាល
និត្យានុកូលភាពលើសំណុំឯកសារ ដីការ និងសេចក្ដីសម្រេច ការគ្រប់គ្រង និងការបំពេញតួនាទី ភារកិច្ចរបស់មន្ត្រីរាជការ និងការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈនានា៕