តំបន់​ព្រៃផ្តល់​ផលចំនួន ​៥ នឹ​ងត្រូវបាន​ដាក់​ជាតំប​ន់ការពារ​ និងអភិរក្ស ​


យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចេញថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះបានឱ្យដឹងថា ក្រសួងបរិស្ថាន បានទទួលការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំដាក់តំបន់ព្រៃផ្តល់ផលចំនួន ៥ កន្លែង រួមមាន៖ ព្រៃឡង់ ព្រៃច្រករបៀងក្រវាញញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងលិច និងព្រៃវ៉ឺនសៃ ដែលមានផ្ទៃដីសរុបប្រមាណជាង ៩៥០. ០០០ ហិកតា ជាតំបន់ការពារ និងអភិរក្សព្រៃឈើ ដោយផ្អែកទៅលើសក្តានុពល និងគុណតម្លៃនៃប្រព័ន្ធអេកូឡូស៊ី សម្រាប់ផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។
សេចក្តីប្រកាសព័ត៌មានក៏បានបន្ថែមទៀតថា ក្រសួងបរិស្ថានគ្រោងរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយនាពេលដ៏ខ្លីខាងមុខ ដើម្បីផ្តល់ឱកាសឲ្យអ្នកពាក់ព័ន្ធទាំងអស់បានចូលរួមពិនិត្យ និងផ្តល់មតិយោបល់លើឯកសារព្រាងនានាដោយទូលំទូលាយ ហើយក្រសួងនឹងធ្វើការបូកសរុបមតិយោបល់ និងកែសម្រួលឯកសារ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តដាក់តំបន់ព្រៃផ្តល់ផលទាំង ៥ កន្លែងនោះជាតំបន់ការពារ និងអភិរក្សព្រៃឈើជាផ្លូវការ ស្របតាមគោលការណ៍ និងនីតិវិធីច្បាប់៕