មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យការងារសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រពទំនប់អាងទឹកតាមៀវ ខេត្តកំពង់ឆ្នាំង


ព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រពទំនប់អាងទឹកតាមៀវ ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោយបញ្ចប់ជាស្ថាពរ ។
ប្រព័ន្ធស្រោចស្រពទំនប់អាងទឹកតាមៀវ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងវិញ សម្រាប់ស្តុកទឹកបំរើឱ្យការងារបង្កបង្កើនផលដំណាំស្រូវ ចំនួន ៥៧៦​ ហិកតា និងដំណាំរួមផ្សំ ចំនួន ៣០ ហិកតា នៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ការងារសាងសង់អាងទឹកតាមៀវ រួមមាន៖ សាងសង់ទំនប់អាងទឹក ប្រវែង ១.៥៥០ ម៉ែត្រ រៀបថ្មការពារជើងទេរទំនប់សងខាង ប្រវែង ៣០០ ម៉ែត្រ សាងសង់សំណង់បង្ហៀរ ចំនួន ០១ កន្លែង និងសាងសង់សំណង់ទ្វារទឹក (ទ្វារ ២) ចំនួន ០១ កន្លែង ៕