ប្រធានគណៈកម្មាធិការរបស់រដ្ឋសភាកូរ៉េ ទទួលបន្ទុកផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម, ថាមពល, សហគ្រាសធុនតូចនិងមធ្យម និងវិនិយោគ ទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរីកចម្រើនរបស់កម្ពុជា និងលទ្ធផលនៃការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ


សេអ៊ូល៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយឯកឧត្តម CHAN BYOUNG WAN ប្រធានគណៈកម្មាធិការរបស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម, ថាមពល, សហគ្រាសធុនតូចនិងមធ្យម និងវិនិយោគ កាលពីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅការិយាល័យធ្វើការក្នុងវិមានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នាទីក្រុងសេអ៊ូល ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីកូរ៉េ ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាពិសេសបានពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងវិនិយោគ និងបានជំរុញទំហំវិនិយោគដល់ប្រមាណជា ៦០០លានដុល្លា ដែលក្នុងនោះ មានការផលិតសម្លៀកបំពាក់ និងដំឡើងរថយន្ត Huyundai ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនឯកឧត្តមប្រធានគណៈកម្មាធិការនៃរដ្ឋសភាកូរ៉េថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ ស្ថិរភាពសង្គម រក្សាបានសុខសន្តិភាព ពេញលេញបរិបូរណ៌ ដែលបានផ្តល់បរិយាកាសល្អប្រសើរបំផុតសម្រាប់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ តាមរយៈការតភ្ជាប់ការហោះហើរត្រង់ពីកូរ៉េ មកកម្ពុជា ដែលមានដល់ ៣៥ជើង ក្នុងមួយសប្តាហ៍ បានធ្វើឱ្យកំណើនភ្ញៀវទេសចរណ៍កូរ៉េចូលទស្សនាកម្ពុជា កើនឡើងជាលំដាប់ដល់ប្រមាណជា ៤០ម៉ឺននាក់ ក្នុងឆ្នាំកន្លងទៅ ហើយបានអរគុណចំពោះការទទួលយកកម្មករកម្ពុជា ឱ្យមកធ្វើការនៅតាមរោងចក្រ សហគ្រាស និងផ្នែកផ្សេងៗនៅក្នុងប្រទេសកូរ៉េ ប្រមាណជាជិត ៨ម៉ឺននាក់។ ក្រៅពីប្រាក់បៀវត្សដែលកម្មករកម្ពុជាទទួលបាន ពួកគេនឹងនាំយកនូវបទពិសោធន៍ ចំណេះដឹង បច្ចេកទេសជំនាញរបស់គេនៅទីនេះ ទៅរួមចំណែកដល់ការអភិវឌ្ឍវិស័យនានានៅកម្ពុជា នាពេលដែលពួកគាត់ត្រឡប់មកកម្ពុជាវិញ ក្នុងនេះ ក៏អាចមានមួយផ្នែកគឺ កម្មករកម្ពុជានឹងក្លាយជាអ្នកមានសមត្ថភាពជំនាញស្រាប់តែម្តង ដែលអាចឱ្យពួកគេបន្តធ្វើការនៅតាមក្រុមហ៊ុន ឬរោងចក្រនានារបស់កូរ៉េ ដែលបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តម CHAN BYOUNG WAN ប្រធានគណៈកម្មាធិការនៃរដ្ឋសភាសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម, ថាមពល, សហគ្រាសធុនតូចនិងមធ្យម និងវិនិយោគ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំពោះសមិទ្ធផលរីកចម្រើនរបស់កម្ពុជា និងលទ្ធផលនៃការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងបានអះអាងថា សាធារណរដ្ឋកូរ៉េបន្តគាំទ្រដល់កម្ពុជាជានិច្ចក្នុងក្របខណ្ឌនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ក្នុងនោះ ក៏នឹងជួយជំរុញបន្ថែមទៀតដល់ការអភិវឌ្ឍវិស័យថាមពលករកើតឡើងវិញ, ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ, ការបង្កើតសួនឧស្សាហកម្ម និងបច្ចេកវិទ្យា, ការអភិវឌ្ឍវិស័យ សហគ្រាសធុនតូចនិងមធ្យម ដែលមិត្តកូរ៉េចាត់ទុកថា ជាវិស័យអាទិភាពមួយសម្រាប់គាំទ្រដល់ឧស្សាហកម្មធុនធ្ងន់ និងជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តមប្រធានគណៈកម្មាធិការ ក៏បានឯកភាពនូវមតិលើកឡើងរបស់ឯកឧត្តម ចម ប្រសិទ្ធ ដែលបានតាំងចិត្តខិតខំចូលរួមចំណែកជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម រួមទាំងការវិនិយោគ ដែលភាគីកូរ៉េបាននិងកំពុងយកចិត្តទុកដាក់ ក្នុងនោះក៏មានការវិនិយោគលើវិស័យអេឡិចត្រូនិច, បរិក្ខាអគ្គិសនី និងផ្នែកដទៃទៀត ដែលគាំទ្រដល់ខឿនឧស្សាហកម្មកម្ពុជា និងសហការគ្នាជំរុញឱ្យសម្រេចបានទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឱ្យកើនដល់ ២.០០០ពាន់លានដុល្លា នៅឆ្នាំខាងមុខ។