គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរនាំចូលឧបករណ៍ពិសោធន៍ថ្ម


ដើម្បីបម្រើការងារអភិរក្សជួសជុលរបស់ខ្លួនក្រុមការងារអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូរគឺមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បាននាំចូលឧបករណ៍ពិសោធន៍កម្រិតរឹងមាំនៃថ្ម ដែលមានឈ្មោះថា Universal Testing Machine (UTM) ដើម្បីបម្រើដល់ការងារចាំបាច់របស់ខ្លួន។
លោក Kim Jiseo អ្នកគ្រប់គ្រងគម្រោងជួសជុលនេះ បញ្ជាក់នៅរសៀលថ្ងៃទី១២ ខែតុលាថា ការនាំចូលឧបករណ៍ពិសោធន៍ថ្មមកក្នុងគម្រោងនេះ ដោយសារនៅប្រទេសកម្ពុជាមិនទាន់ម៉ាស៊ីនប្រភេទនេះនៅឡើយ។ កន្លងមក ក្រុមគម្រោងផ្សេងៗតែងយកបំណែកថ្មទៅពិសោធនៅប្រទេសផ្សេងៗដូចជា ជប៉ុន ឬថៃជាដើម។
លោកបន្ថែមថា ការនាំចូលម៉ាស៊ីនប្រភេទនេះមកកម្ពុជានឹងជំរុញឲ្យការងារដំណើរការបានលឿន ហើយងាយស្រួល។ ម៉ាស៊ីននេះនឹងជួយយើងឲ្យដឹងអំពីកម្រិតរឹងមាំរបស់ថ្មថា តើអាចប្រើប្រាស់បានយូរប៉ុនណាទៀត ដើម្បីយើងសម្រេចចិត្តប្រើប្រាស់ឡើងវិញឬអត់។ ដូច្នេះ រាល់ថ្មដែលត្រូវប្រើប្រាស់ក្នុងគម្រោងទាំងថ្មចាស់ដែលមានស្រាប់ និងថ្មថ្មីដែលត្រូវជំនួស គឺត្រូវឆ្លងកាត់ពិសោធន៍ពីម៉ាស៊ីនេះ។
លោក Jiseo រៀបរាប់ថា មកទល់នឹងពេលនេះ ក្រុមគម្រោងរបស់លោកបាននាំចូលឧបករណ៍សំខាន់ជាច្រើនមុខដូចជា ម៉ាស៊ីនUTM, ម៉ាស៊ីនកាត់ថ្ម, Microscope, និងឧបករណ៍វាស់កម្រិតទឹកក្រោមដីជាដើម ដែលមានតម្លៃសរុបប្រមាណជាង១លានដុល្លារអាមេរិក។ ឧបករណ៍ទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់ការងារស្រាវជ្រាវ និងពិសោធន៍សម្ភារៈដែលត្រូវជួសជុលប្រាសាទ ដូចជា ថ្មបាយក្រៀម ថ្មភក់ និងលោហធាតុផ្សេងៗ។
លោកបន្ថែមថា រាល់ឧបករណ៍ទំនើបទាំងនេះ ក្រុមការងារបានបណ្តុះបណ្តាលមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរាឲ្យចេះប្រើប្រាស់ដើម្បីបង្កើនសមត្ថភាពរបស់ពួកគាត់។ ជាក់ស្តែង មន្ត្រីជំនាញមកពីប្រទេសកូរ៉េនឹងបណ្តុះបណ្តាលមន្ត្រីអាជ្ញាធរជាតិអប្សរានូវវិធីប្រើប្រាស់ម៉ាស៊ីUTMនេះ នៅដើមខែវិច្ឆិកាខាងមុខ។
ងាកទៅគម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរវិញ លោក Jiseo រៀបរាប់ថា ការជួសជុលបានចាប់ផ្តើមទៅលើរានហាលនៃប្រាសាទកោរសក់។ ការងារនេះកំពុងចាប់ផ្តើមដំណើរការ ដោយមានមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរារ៣រូបដែលសហការធ្វើគឺ មន្ត្រីជំនាញផ្នែកបុរាណវិទ្យា វិស្វកម្ម និងជំនាញជួសជុល។ ក្រៅពីនេះ កម្មករខ្មែរចំនួន១២រូបកំពុងបំពេញការងារជួសជុលជាមួយអ្នកជំនាញ៕