កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-ចិនលើកទី១៦ នៅប្រទេសសឹង្ហបុរី ស្តីពីការបង្កើនការតភ្ជាប់រវាងរដ្ឋជាសមាជិកអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន


នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-ចិនលើកទី១៦ នៅប្រទេសសឹង្ហបុរី។
ឯកឧត្តម Khaw Boon Wan រដ្ឋមន្រ្តីសម្របសម្រួលទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងជារដ្ឋមន្រ្តីដឹកជញ្ជូនសឹង្ហបុរី និងឯកឧត្តម Dai Dongchang អនុរដ្ឋមន្រ្តីដឹកជញ្ជូនចិន ជាសហប្រធានដឹកនាំកិច្ចប្រជុំ។
រដ្ឋមន្ដ្រីបានគាំទ្រការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំតុមូលថ្នាក់ដឹកនាំ ស្តីពីវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥ ខែឧសភាឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបង្កើនការតភ្ជាប់រវាងរដ្ឋជាសមាជិកអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន។ រដ្ឋមន្ដ្រីបានឯកភាពប្រគល់ភារកិច្ចជូនឧត្តមមន្រ្តី និងក្រុមការងារពាក់ព័ន្ធ ធ្វើការពិភាក្សាអំពី សកម្មភាពតាមដានរបស់ខ្លូន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក
ផ្លូវសមុទ្រ និងផ្លូវអាកាស ដើម្បីជំរុញកំណើនលំហូរពាណិជ្ជកម្ម និងវិនិយោគ នៅក្នុងតំបន់។
រដ្ឋមន្រ្តីបានពិភាក្សា និងផ្តល់អនុសាសន៍ណែនាំលើការអនុវត្តន៍ឯកសារសំខាន់ៗដូចខាងក្រោម៖
១. កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស អាស៊ាន-ចិន
២. កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវសមុទ្រ អាស៊ាន-ចិន
៣. យន្តការពិគ្រោះយោបល់លើបញ្ហាពាក់ព័ន្ធផ្លូវសមុទ្រ អាស៊ាន-ចិន
៤. ផែនការយុទ្ធសាស្រ្តកែសម្រួលសម្រាប់កិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-ចិន,
៥. សកម្មភាពរួមអាស៊ាន-ចិន សម្រាប់ឆ្នាំ២០១៨។
រដ្ឋមន្ដ្រីបានអនុម័តលើ អនុស្សរណៈយោគយល់ រវាងអាជ្ញាធរទទួលបន្ទុកស៊ើបអង្កេតគ្រោះថ្នាក់អាកាសយាននៃរដ្ឋជាសមាជិកអាស៊ាន និងរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ស្តីពី កិច្ចសហប្រត្តិបត្តិការទាក់ទងនឹងការស៊ើបអង្កេតឧប្បត្តិហេតុ និងគ្រោះថ្នាក់អាកាសយាន ដែលត្រូវចុះហត្ថលេខាដោយស្ថាប័នពាក់ព័ន្ធ។
រដ្ឋមន្រ្តីបានពិភាក្សា និងអនុម័ត លើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ាន-ចិន លើកទី១៦ ដែលបានប្រារព្វធ្វើឡើងនៅថ្ងៃ១២ ខែតុលា ឆ្នាំ២០១៧ នៅប្រទេសសឹង្ហបុរី។