ជំនួបពិភាក្សាជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន លើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពរបស់កម្ពុជា


នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Marc Mealy អនុប្រធានទទួលបន្ទុកគោលនយោបាយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។ គណៈប្រតិភូ រួមមានតំណាងមកពីក្រុមហ៊ុនធំៗរបស់អាមេរិក៖ Uber, 3M, Bechtel, Caterpillar, FedEx, and Harris Corporation។
កិច្ចពិភាក្សាផ្តោតសំខាន់លើ គម្រោងហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពរបស់កម្ពុជា ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលមានដំណើរការល្អនិងសុវត្ថិភាព, និងការរៀបចំបទបញ្ញត្តិទាក់ទងសេវាដឹកជញ្ជូនតាមរូបភាពចែករំលែក (Ridesharing)។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានជម្រាបជូនក្រុមប្រឹក្សា អំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កំណើនសេដ្ឋកិច្ចថេរ បរិយាកាសនយោបាយល្អ គោលនយោបាយគាំទ្រវិនិយោគ ទីតាំងប្រកបដោយអត្ថប្រយោជន៍និងយុទ្ធសាស្ត្រ និងកត្តាសក្តានុពលផ្សេងៗ ក្នុងការវិនិយោគនៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តីបាននគូសបញ្ជាក់អំពីកំណែទម្រង់សំខាន់ៗដែលបានបញ្ចប់ និងកំពុងអនុវត្ត នៅក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន ការបង្កើតមជ្ឈមណ្ឌលបន្តសុពលភាពប័ណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន ដែលចំណាយរយៈពេលត្រឹមតែ ១៥ ទៅ ២០នាទី ដើម្បីទទួលបានប័ណ្ណបើកបរ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ការចុះបញ្ជីយានយន្ត ផ្លាកលេខយានយន្ត ការប្រលងទ្រឹស្តីបើកបរ ការចេញប័ណ្ណបើកបរ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត អង្គភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត និងក្រុមហ៊ុន Uber នៅកម្ពុជា សំដៅជំរុញការបម្រើសេវាឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានអញ្ជើញគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ឱកាសវិនិយោគ និងធុរកិច្ច និងបានសន្យាជួយសម្របសម្រួលដល់ក្រុមហ៊ុនអាមេរិក ដែលមានបំណងចង់វិនិយោគនៅកម្ពុជា។