សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបលោកអតីតប្រធានគណៈកម្មការសហភាពអឺរ៉ុប


នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Herman Van Rompuy អតីតប្រធានគណៈកម្មការសហភាពអឺរ៉ុប និងជាឯកអគ្គរាជទូតសុឆន្ទៈ របស់អង្គការ Fermish Association for Development Cooperation and technical Assistance។
លោក Herman Van Rompuy បានជម្រាបជូនសម្តេចតេជោថា ក្នុងដំណើរទស្សនៈកិច្ចរបស់លោកនាពេលនេះ គឺលោកមានការចាប់អារម្មណ៍ លើការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ដែលនេះគឺជាការវិវឌ្ឍជាវិជ្ជមានមួយចាប់ពីបាតដៃទទេ។ លោក បានជម្រាបជូនថា ដំណើរទស្សនៈកិច្ចមកកាន់កម្ពុជានាពេលនេះ ដើម្បីរួមចំណែកជាមួយកម្ពុជា ដើម្បីជួយលើវិស័យអប់រំកម្ពុជាអោយមានការរីកចម្រើនបន្ថែមទៀតទាំងផ្នែកគុណភាព ទាំងបរិមាណ ធ្វើយ៉ាងណាឲ្យកុមារកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ខាងផ្នែកគណិតសាស្ត្រ ទាំងផ្នែកជំនាញ និងផ្នែកគ្រប់គ្រងរួមទាំងការប្រាស្រ័យទាក់ទងធ្វើពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗជាដើម។
សម្តេតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ផងដែរថា វាមិនមែនជាការងាយស្រួលទេក្នុងការកសាងកម្ពុជាមកដល់ចំណុចនេះ។ ផ្លូវដែលបានធ្វើដំណើរកន្លងមកវាពិបាកណាស់ ជាពិសេសនៅពេលដែលកម្ពុជា ចាប់ផ្តើមពីបាតដៃទទេតែម្តង។ វិស័យសិក្សាអប់រំនៅកម្ពុជាគឺបានចាប់ផ្តើមឡើងពីការអនុវត្តន៍ នយោបាយអ្នកចេះតិច បង្រៀនអ្នកមិនចេះ នឹងអ្នកចេះច្រើនបង្រៀនអ្នកចេះតិច បន្ទាប់មកក៏បានជម្រុញការសាងសង់សាលារៀនឲ្យខិតកាន់តែជិតដល់លំនៅដ្ឋានរបស់សិស្សានុសិស្ស។ រយៈពេល៤ឆ្នាំកន្លងមកនេះ កម្ពុជាបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ដោយបានធ្វើឲ្យគុណភាពគ្រូមានការរីកចម្រើន ដែលជម្រុញឲ្យគុណភាពនៃវិស័យអប់រំការតែមានភាពល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា ទោះជាយ៉ាងណាក្តី កម្ពុជាក៏នៅមានការប្រឈមមួយចំនួនដូចជាតម្រូវការអគារសិក្សា, ផ្ទះសម្រាប់គ្រូបង្រៀន ក៏ដូចជាកន្លែងស្នាក់នៅសម្រាប់សិស្សផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្តថាមកដល់ចំណុចនេះ កម្ពុជាកំពុងធ្វើសកម្មភាពបន្តប្រកបដោយចីរភាពផងដែរ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានស្វាគមន៍អង្គការរបស់ លោក Herman Van Rompuy ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកលើវិស័យអប់រំនៅកម្ពុជា៕