និស្សិតកម្ពុជាបានចំណាត់លេខ១ ចំណោម ២០ប្រទេស


Vi Award 05 04 16 2 copy

     និស្សិត​កម្ពុជា​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១​ ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​ខ្សែ​វីដេអូ​ខ្លី​ ក្នុង​ចំណោម​ ២០​ប្រ​ទេស​ ដែល​ប្រើ​ប្រាស់​ភាសា​បារាំង​ ក្នុង​តំបន់​អាស៊ី​បាស៊ីហ្វិច​ ។

     និស្សិត​ទាំង​៣​ ដែល​បាន​ចំណាត់​ថ្នាក់​លេខ​១​ នេះ គឺ​ជា​និស្សិត​នៃ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខា​ភិបាល ដែល​បាន​ផលិត​ខ្សែ​វីឌីអូ​រយៈ​ពេល​ ៣​នាទី ថត​ដោយ​ទូរស័ព្ទ​ដៃ​ ។ ខ្សែ​វីដេអូ​ ៣​នាទី​នោះ បាន​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​ក្នុង​ការ​សិក្សា​ផ្នែក​វេជ្ជ​សាស្រ្ត​នៅ​កម្ពុជា ​។

     ក្នុង​ពិធី​សំណេះ​សំណាល ជា​មួយ​និស្សិត​ជ័យ​លាភី នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា​នេះ នៅ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខា​ភិបាល រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល ឯកឧត្តម​ ម៉ម ប៊ុន​ហេង បាន​មាន​ប្រសាសន៍​ថា ពាន​រង្វាន់​ជ័យ​លាភី​នេះ មិន​ត្រឹម​តែ​ជា​កិត្តិ​យស និង​កេរ្តិ៍​ឈ្មោះ​ផ្ទាល់​របស់​បេក្ខ​ជន​ជ័យ​លាភី​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​កិត្តិយស និង​កេរ្តិ៍​ឈ្មោះ​សម្រាប់​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខា​ភិបាល​ ក៏​ដូច​ជា​សម្រាប់​ប្រ​ទេស​កម្ពុជា​ផង​នោះ​ដែរ​ ។ ឯកឧត្តម​រដ្ឋ​មន្រ្តី បាន​​មាន​ប្រ​សាសន៍​បន្ត​ថា លោក​​ពិត​ជា​មាន​មោទន​ភាព និង​សូម​កោត​សសើរ​ដល់​និស្សិត​កម្ពុជា ដែល​ដណ្តើម​បាន​ជ័យ​លាភី​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ការ​ប្រ​កួត​ខ្សែ​វីឌីអូ​ខ្លី​ ជា​មួយ​និស្សិត​នៃ​សាកល​វិទ្យា​ល័យ​នានា​ នៃ​បណ្តា​ប្រ​ទេស​ដែល​ប្រើ​ប្រាស់​ភាសា​បារាំង នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ។

     សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខា​ភិបាល ឯកឧត្តម​ សាផុន វឌ្ឍនៈ បាន​មាន​ប្រ​សាសន៍​ថា ការ​ឈ្នះ​ជ័យ​លាភី​របស់​និស្សិត កម្ពុជា​នា​ពេល​នេះ បាន​ឆ្លុះ​បញ្ចាំង​ថា និស្សិត​កម្ពុជា​មាន​ចំណេះ​ដឹង​ទូលំ​ទូលាយ ស្វាហាប់ មាន​គំនិត​ច្នៃ​ប្រ​ឌិត ចេះ​បត់​បែន​តាម​កាលៈ​ទេសៈ និង​អាច​ផ្សារ​ភ្ជាប់​ទៅ​កាន់​ពិភព​លោក​ ។ លោក​ថា​ខ្សែ​វីឌីអូ​ដែល​និស្សិត​ផលិត​នេះ​ មាន​ចំណង​ជើង​ថា Le français, c’est bon pour la santé! គឺ​ជា​ខ្សែ​វីឌីអូ​ដែល​មាន​ភាព​រស់​រវើក និង​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​រីករាយ និង​ការ​ប្រ​ឈម​ក្នុង​ការ​សិក្សា​វេជ្ជ​សាស្រ្ត នៅ​ប្រ​ទេស​កម្ពុជា​ ។ ខ្សែ​ភាព​យន្ត​នេះ ក៏​បាន​បង្ហាញ​អំពី​អត្ថ​ប្រ​យោជន៍​ជា​ច្រើន​ សម្រាប់​ការ​សិក្សា​ផ្នែក​វេជ្ជ​សាស្រ្ត រួម​មាន​ការ​សិក្សា​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​… ជា​ច្រក​រុក​រក​ទិន្ន​ន័យ​វិទ្យា​សាស្រ្ត និង​ច្រក​នៃ​ការ​ស្គាល់​ពី​វប្ប​ធម៌​បរ​ទេស ក៏​ដូច​ជា​សម្រាប់​ការ​ផ្លាស់​ប្តូរ និង​ការ​ចែក​រំលែក​ផ្សេង​ៗ​ ។

     សូម​ជំរាប​ថា ពិធី​សំណេះ​សំណាល នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា​នេះ ក៏​មាន​ការ​ចូល​រួម​ពី​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង ​ប្រ​ចាំ​កម្ពុជា ឯកឧត្តម Jean-Claude POIMBOEUF និង តំណាង​ទី​ភ្នាក់​ងារ​សាកល​វិទ្យា​ល័យ​នៃ​បណ្តា​ប្រ​ទេស​ប្រើ​ប្រាស់​ភាសា​បារាំង លោក Alex Brayle ផង​នោះ​ដែរ​ ។

Vi Award 05 04 16 3 copy  Vi Award 05 04 16 4 copy

Vi Award 05 04 16 5 copy  Vi Award 05 04 16 6 copy