រដ្ឋមន្ត្រីបរិស្ថាន៖ ភាពយូរអង្វែង និងតម្លៃរបស់ក្រសួងបរិស្ថានគឺធនធានមនុស្ស


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី២០ ខែតុលានេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុវគ្គ២ នៅទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការបង្កើនប្រសិទ្ធភាពនេះគឺ ជាកត្តាចំបាច់បំផុតក្នុងការពង្រឹងសមត្ថភាពមន្ត្រីដើម្បីធ្វើដំណើរទៅមុខក្នុងផ្លូវដ៏វែងឆ្ងាយ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ “ភាពខ្លាំង យូរអង្វែង និងតម្លៃរបស់ក្រសួងបរិស្ថាន គឺធនធានមនុស្សរបស់ក្រសួងដែលមានសមត្ថភាព ហើយខ្ញុំចង់ឃើញមន្ត្រីវ័យក្មេងមានឱកាសដើម្បីបញ្ចេញសមត្ថភាព”។
វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីបន្ថែមដែលនៅមានចំណុចខ្វះចន្លោះក្នុងដំណើរការប្រតិបត្តិនៅតាមបណ្តាអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ វគ្គដែលមានសិក្ខាកាមចូលរួមចំនួន១២០នាក់មកពីគ្រប់អគ្គនាយកដ្ឋាន និងមន្ទីរនៅតាមបណ្តាខេត្តស្ថិតក្រោមឱវាទក្រសួងបរិស្ថានបានបណ្តុះបណ្តាលរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៦-២០ខែតុលានេះ លើប្រធានបទសំខាន់ៗចំនួន៥ ដែលរួមមានការគ្រប់គ្រងកិច្ចការរដ្ឋបាល ការគ្រប់គ្រងធនធានមនុស្ស ការរៀបចំផែនការនិងកិច្ចដំណើរការថិកា ការងារហិរញ្ញវត្ថុ និងការងារលទ្ធកម្ម។
ក្រោយមានសំណូមពរពីសិក្ខាកាម ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពឱ្យបង្កើនវគ្គបណ្តុះបណ្តាលបន្ថែម ហើយឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យពង្រីកវគ្គបណ្តុះបណ្តាលបន្ថែមលើវគ្គវិទ្យាសាស្ត្រនយោបាយ ច្បាប់ និងការវិវត្តនៃនិន្នាការពិភពលោកនាពេលបច្ចុប្បន្ន ដើម្បីពង្រឹងសមត្ថភាពមន្ត្រី ឱ្យស្វែងយល់ពីបរិបទសង្គម និងពិភពលោក៕