ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ដឹកនាំកិច្ចប្រជុំលើកទីមួយ បន្ទាប់ពីបានការឯកភាពពីរាជរដ្ឋាភិបាលក្នុងការផ្ទេរការទទួលខុសត្រូវ


នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល បានដឹកនាំកិច្ចប្រជុំលើកទីមួយ បន្ទាប់ពីបានការឯកភាពពីរាជរដ្ឋាភិបាលក្នុងការផ្ទេរការទទួលខុសត្រូវពីទីស្តីការគណៈរដ្ឋមន្រ្តី មកស្ថិតក្រោមការគ្រប់គ្រងនិងទទួលខុសត្រូវរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិញ តាមរយៈអនុក្រឹត្យលេខ ៥១ អនក្រ-បក ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។
គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីឧទ្ទេសនាមរបស់សមាជិក-សមាជិកា គណៈកម្មាធិការជាតិបណ្តុះបណ្តាល ជាមួយរបៀបវារៈចំនួនពីរ (១) ផ្តល់ជូននូវទិដ្ឋភាពរួមអំពីវឌ្ឍនភាពសំខាន់ៗដែលគណៈកម្មាធិការជាតិបណ្តុះបណ្តាល សម្រេចបាននាពេលកន្លងមក និង(២) ពិភាក្សា និងស្នើសុំការអនុម័តលើឯកសារមួយចំនួនពាក់ព័ន្ធនឹងដំណើរការនៃការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
ជាលទ្ធផលអង្គប្រជុំបានអនុម័តលើឯកសារគោលនយោបាយចំនួនបួន៖
១. គោលនយោបាយស្តីពីការចុះកម្មសិក្សាសម្រាប់វិស័យ TVET នៅកម្ពុជា។
២. ប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិសម្រាប់កម្ពុជា។
៣. គោលនយោបាយស្តីពីការវាយតម្លៃសមត្ថភាព និងការផ្តល់គុណវុឌ្ឍក្នុងការ អបវ”។
៤. កញ្ចប់ស្តង់ដាបណ្តុះបណ្តាល
ឯកសារគោលនយោបាយដែលបានអនុម័តនាថ្ងៃនេះ គឺមានសារៈសំខាន់ក្នុងឆ្លើយតបយ៉ាងពេញលេញទៅតាមលក្ខខណ្ឌនៃកម្មវិធីគោលនយោបាយ របស់គម្រោងអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលរួមចំណែកក្នុងការពង្រឹងវិស័យនេះនៅកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើង។
សូមបញ្ចាក់ថា គណៈកម្មាធិការជាតិបណ្តុះបណ្តាល(គ.ជ.ប.ប) មានបេសកកម្ម គឺដើម្បីសម្របសម្រួល ជាមួយក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធនានា ដើម្បីអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមសេដ្ឋកិច្ចបច្ចុប្បន្ន និងទៅអនាគតនៅកម្ពុជា។ សមាសភាពរបស់ គណៈកម្មាធិការជាតិបណ្តុះបណ្តាល មានតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសភាមុខរបរនិង មីក្រូសហគ្រាស តំណាងជិយោជក តំណាងជិយោជិត និងតំណាងអ្នកផ្តល់ការបណ្តុះបណ្តាល មានចំនួន ៤០រូប។