លោកជំទាវ ម៉ែន សំអន ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ៣ពាន់នាក់ នៅខេត្តឈុនបុរី ប្រទេសថៃ


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ៣ពាន់នាក់ ដែលកំពុងធ្វើការនៅរោងចក្រផលិតសាច់មាន់ ប៉ានុស ផូលទ្រី (Panus Poultry) ខេត្តឈុនបុរី នៅប្រទេសថៃ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានផ្តល់កម្លាំងចិត្តឲ្យកម្មករពលករខ្មែរទាំងអស់ប្រឹងប្រែងធ្វើការងារ កាន់តែសកម្មថែមទៀតដើម្បីទទួលបានប្រាក់ខែខ្ពស់និងទទួលការពេញចិត្តពីថៅកែរោងចក្រ។
ការមកជួបសំណេះសំណាលនេះ ពិតជាគូសបញ្ជាក់ពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលជានិច្ចកាលតែងតែ មានមនោសញ្ចេតនាជិតស្និទ្ធជាមួយប្រជាជន និងជាមួយពលករ ។ ជាក់ស្តែង ដូចជាពេលនេះ ទោះជាបងប្អូនមកធ្វើការនៅប្រទេសថៃ ឆ្ងាយពីស្រុកកំណើតក្តី ក៏សម្តេចនៅតែគិតគូរ និងបានចាត់តាំងខ្ញុំ និងឯកឧត្តមមួយចំនួនទៀត ដូចជា ឯកឧត្តមអ៊ិត សំហេង ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ព្រុំ សុខា ជាតំណាងមកជួបសំណេះសំណាលជាមួយប្អូនៗ ដើម្បីសាកសួរសុខទុក្ខ និងចែករំលែកព័ត៌មាន និងជួយដោះស្រាយបញ្ហាផ្សេងៗដែលប្អូនៗជួបប្រទះ។
បច្ចុប្បន្នរាជរដ្ឋាភិបាលបានផ្ដល់លិខិតឆ្លងដែនជូនពលកយើង ដោយមិនគិតថ្លៃ និងបានរៀបចំ គណៈកម្មាការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដើម្បីដោះស្រាយការលំបាកនានា ជាពិសេសជួយសម្រួលឱ្យប្អូនៗពលករយើងរស់នៅ និងធ្វើការដោយស្របច្បាប់ និងដោយមានកិត្តិយស រួចផុតពីការរំលោភ ជិះជាន់ កេងប្រវ័ញ្ច និងហានិភ័យផ្សេងៗ។
ដោយឡែក ភាគីកម្ពុជាបានបើកយុទ្ធនាការ១០០ថ្ងៃ ដោយផ្ដល់ឯកសារជាលិខិតធ្វើដំណើរ(TD) និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC) ជូនពលករយើងចំនួន១៦ម៉ឺននាក់។ ការធ្វើ TD និងOCWC ថ្មី ដោយប្រើរយៈពេលតែមួយថ្ងៃ តម្លៃ ២.៣៥០បាត និងបញ្ជូនបុគ្គលិក ៣៦០នាក់មកបំពេញបេសកកម្មនេះ។
សូមបញ្ជាក់ដែរថា ឯកសារទាំងពីរខាងលើពិតជាមានប្រយោជន៍ និងជួយប្អូនៗឱ្យទទួលបានសិទ្ធរស់នៅ ធ្វើដំណើរ និងធ្វើការងារដោយស្របច្បាប់នៅប្រទេសថៃ អាចសុំទិដ្ឋាការស្នាក់នៅ (Stay Permit) និងសៀវភៅការងារ (Work Permit) ពីអាជ្ញាធរថៃ។ លើសពីនេះទៀត ប្អូនៗក៏អាចទទួលបាននូវការការពារសិទ្ធតាមច្បាប់ ទទួលបានប្រាក់ឈ្នួលសមស្រប មានសិទ្ធិបើកគណនីធនាគារ និងអាចធ្វើប័ណ្ណបើកបរ។ល។
ជាទីបញ្ចប់លោកជំទាវបានផ្តាំផ្ញើរដូចតទៅ:
សូមប្អូនៗដែលជាពលករខ្មែរ រស់នៅ ធ្វើការងារ ត្រូវគោរពច្បាប់ប្រទេសថៃ។ ដាច់ខាតមិនត្រូវប្រព្រឹត្តិបទល្មើស ដូចជាអំពើហឹង្សា គ្រឿងញៀនជា ។ ល។ ហើយកុំជឿតាមការញ៉ោះញ៉ង់របស់គណបក្សប្រឆាំងដែលមានបំណង បំផ្លាញសន្តិភាព និងរារាំងដល់ការអវឌ្ឍនប្រទេស។ ចំណែកឯថៅកែក្រុមហ៊ុន សូមបន្តទទួលពលករខ្មែរបន្ថែមទៀត និងសូមអាណិតស្រឡាញ់ពលករខ្មែរដូចពលករថៃ និងស្ថានទូត ស្ថានអគ្គកុងស៊ុលកម្ពុជា សូមបន្តការយកចិត្តទុកដាក់តាមដាន និងជួយដោះស្រាយរាល់បញ្ហានានារបស់ពលករខ្មែរ ស្របតាមច្បាប់អន្តរជាតិ ច្បាប់ប្រទេសថៃ និងស្មារតីនៃ MOU ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា៕