ឯកឧត្តម ផៃ ស៊ីផាន៖ សមាជិកព្រឹទ្ធសភាអាមេរិក កំពុងឈ្លានពានកិច្ចការផ្ទៃក្នុងកម្ពុជា


(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ ដើម្បីជាការឆ្លើយតបចំពោះសមាជិកព្រឹទ្ធសភាលោក ថេត គ្រូស ( Ted Cruz) ក្នុងកិច្ចអំពាវនាវ ឬដាក់កំហិតដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងជនជាប់ចោទ កឹម សុខា ឲ្យបានមុនថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្រវែងចោលក្នុងធុងសំរាម និងហៅថានេះគឺជាការប្រមាថ និងឈ្លានពានដល់កិច្ចការផ្ទៃក្នុង នៃរដ្ឋអធិបតេយ្យ ដែលមិនក្រោមចំណុះក៏ដូចជា ការប្រឆាំងយ៉ាងពិតប្រាកដ ដល់គោលនយោបាយបរទេសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបញ្ឈប់ការលូកលាន់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ពីសំណាក់សហរដ្ឋអាមេរិក។

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើង ថា វិសោធនកម្មច្បាប់ជាសិទ្ធិផ្តាច់មុខ របស់សភាកម្ពុជាដែលតំណាងឲ្យអធិបតេយ្យ កម្ពុជា គឺពុំមានជនណា ឬ ក្រុមណាទោះបីជាកម្ពុជាផ្ទាល់ ក៏ដូចជាបរទេសដែលចូលជ្រៀតជ្រែកការងារនេះបានឡើយ។ នោះរាប់ទាំងច្បាប់ និងនីតិវិធី គឺជាផលប្រយោជន៍ផ្តាច់មុខ របស់សមាជិកសភា នៅក្នុងកិច្ចការងារនេះ។ ចំពោះការរំលាយគណបក្ស ក៏ជាដែនសមត្ថកិច្ចផ្តាច់មុខរបស់តុលាការកម្ពុជា នៅក្នុងការវិនិច្ឆ័យក្តីរបស់ខ្លួន ដែលឈរនៅលើអង្គសេចក្តី និងអង្គច្បាប់។ ការវិនិច្ឆ័យក្តីនេះគឺស្ថិតនៅក្នុងនាម ក៏ដូចជាផលប្រយោជន៍របស់ពលរដ្ឋខ្មែរសុទ្ធសាធ គឺមិនស្ថិត ឬរណបជនណា អង្គការណា ឬបរទេសណាមួយឡើយ។

រាល់ចំណាត់ការទាំងពីរស្ថាប័នខាងលើនេះ គឺស្ថិតនៅក្នុងមូលដ្ឋានគ្រឹះនៃកិច្ចរក្សា និងបន្ត «សន្តិភាព សន្តិសុខ និងវិបុលភាព» ដែលជាផលប្រយោជន៍ផ្តាច់មុខ នៅក្នុងប្រទេសរបស់ ប្រជាពលរដ្ឋកម្ពុជាសុទ្ធសាធ។ រីឯលទ្ធផលនៃការបោះឆ្នោតដែលនឹងឆ្លុះបញ្ចាំងពីអ្វីៗ នៃការអនុវត្តច្បាប់បោះឆ្នោតកម្ពុជា ដែលធានាបាននូវភាពសេរី និងទទួលយកបាន គឺប្រាសចាកពីការ លូកលាន់របស់បរទេសជិតឆ្ងាយ ដែលប្រជាពលរដ្ឋខ្មែរ «ប្រើប្រាស់ និងការពារសិទ្ធស្វ័យសម្រេចរបស់ខ្លួន»

ឯកឧត្តម ផៃ ស៊ីផាន បានបន្តលើកឡើងថា ចំពោះឧសានវាទ ថ្ងៃទី០៩ វិច្ឆិកា ក្នុងការដោះលែងជនជាប់ចោទណាមួយឲ្យរួចខ្លួន ដោយឥតលក្ខខណ្ឌនោះ គឺពុំមានបានចែងនៅក្នុងច្បាប់កម្ពុជានោះទេ ហើយថ្ងៃទី០៩ វិច្ឆិកានេះ គឺប្រាកដណាស់ ថាជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប បានធ្វើពលីកម្មគ្រប់បែបយ៉ាងជាច្រើនជំនាន់ ក្នុងកិច្ចដណ្តើមយក និងកិច្ចការពារ ឯករាជ្យ ប្រជាជាតិរបស់ខ្លួន។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនត្រឹមតែអបអរសាទរ នៃទិវាប្រកាសឯករាជ្យនេះទេ ប្រជាជាតិទាំងមូលរបស់ខ្លួននៅតែប្រកាន់យក ឯកភាព សាមគ្គី គោរព ដល់ព្រះមហាក្សត្រជាទីសក្ការៈរបស់ខ្លួន រួមគ្នាជាមួយនឹងរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ជាមួយនឹងកិច្ចពង្រឹងបន្ថែមទៀតនូវឯករាជ្យភាពនេះ។ ហើយកម្ពុជាតែងតែទទួលបានលិខិតចូលរួមអបអរសាទរ នៃទិវាឯករាជ្យនេះ ពីប្រជាជាតិជាមិត្តនានាក្នុងសកលលោក ជាពិសេសពីសហរដ្ឋអាមេរិកផងដែរ។ កម្ពុជាមិនអាចឯករាជ្យរបស់ខ្លួនជាថ្នូរដូរជាមួយជនក្បត់ឯករាជ្យជាតិនេះបានទេ ទោះតម្លៃណាក៏ដោយ៕