សម្តេចប្រធានព្រឹទ្ធសភា ជូនពរព្រះមហាក្សត្រក្នុងឱកាសនៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់ ១៣ព្រះវស្សា


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទូលលិខិតថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសនៃព្រះរាជពិធីឡើងគ្រងព្រះសេរីរាជសម្បត្តិគម្រប់ ១៣ព្រះវស្សា ក្នុងនាមជាសមាជិក សមាជិកាព្រឹទ្ធសភាកម្ពុជា ក្រាបបង្គំសម្ដែងថ្វាយ នូវអំណរសាទររីករាយឥតឧបមា ព្រមទាំងសូមថ្វាយព្រះសព្វសាធុការពរ គ្រប់ប្រការដោយតញ្ញកតវេទិតាធម៌ដ៏ស្មោះស្មគ្របំផុត។

លិខិតរបស់ព្រឹទ្ធសភាកម្ពុជាចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ទូលថ្វាយព្រះតេជះបារមីដ៏ឧត្តុង្គឧត្តមថ្លៃថ្លានៃ ព្រះកុរណាជាអង្គម្ចាស់ជីវិតលើត្បូង បានធ្វើឲ្យប្រទេសមានសេចក្តីសុខ សន្តិភាព ប្រជាធិបតេយ្យ អធិបតេយ្យ សាមគ្គីភាព ឯកភាពជាតិទូទាំងប្រទេស កិត្យានុភាពជាតិបានល្បីល្បាញនៅលើសកលោក និងប្រជារាស្រ្តរួមរស់ជាមហាគ្រួសារខ្មែរក្នុងជីវភាពរីកចម្រើនសម្បូណ៌សប្បាយឥតឈប់ឈរ។

ក្នុងនាមសមាជិកព្រឹទ្ធសភា សូមលំឱនកាយលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ទេវតាថែរក្សាព្រះមហាក្សត្រស្វេតច្ឆត្រ និងព្រះវិញ្ញាណក្ខន្ធដ៏មានបារមី នៃអតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រត្រិយានីគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះករុណាព្រះមហាវិរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យសិរីសួស្ដី ជ័យមង្គលគ្រប់ប្រការថ្វាយ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ សូមព្រះអង្គទ្រង់បានប្រកបដោយព្រះរាជសុខភាពពេញបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញណភ្លឺថ្លា ដើម្បីគង់ប្រដាប់នៅជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនារបស់ប្រជារាស្រ្តព្រះអង្គយូរអង្វែងតទៅ៕